(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់លើបណ្ដាញសង្គម Facebook សារជាថ្មី អំពីការខិតជិតមកដល់ នៃបាតុភូតអច្ឆរិយៈ ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាល នៃប្រាសាទអង្គរវត្ត (Equinox) និងបានអំពាវនាវដល់ភ្ញៀវទេសចរ ចូលរួមប្រកួតថតរូប Selfie ទាំងអស់គ្នា ដើម្បីបង្ហាញទៅមនុស្សលើពិភភលោក ឲ្យឃើញពីអច្ឆរិយភាពដ៏អស្ចារ្យនេះ។
បាតុភូតដ៏មហស្ចារ្យគ្មានពីរនេះ នឹងកើតឡើងសារជាថ្មីនៅចន្លោះថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០១៧ខាងមុខខ្ទង់ម៉ោង៥ព្រឹក លើទឹកដីអង្គរសៀមរាប។
បើតាមក្រសួងទេសចរណ៍ នីតិវិធីនៃការប្រកួតថតរូបនេះ រួមមាន៖ ១.ថតរូប Selfie ជាមួយព្រឹត្តិការណ៍ ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត។ ២.ផ្ញើរូប Selfie នោះ ទៅមកកាន់ Facebook Page របស់ក្រសួងទេសចរណ៍ (www.facebook.com/cambodiamot) ដោយភ្ជាប់ជាមួយឈ្មោះ និងលេខទូរស័ព្ទ។ ៣.ក្រុមការងារនឹងធ្វើការជ្រើសរើសរូប ដែលស្អាតបំផុតចំនួន៥ បង្ហោះលើ Facebook Page ក្រសួងទេសចរណ៍ ដើម្បីទាក់ទាញចំនួន Like។ ៤.បេក្ខជន៣រូប ដែលទទួលបានការ Like ច្រើនជាងគេ គឺជាម្ចាស់ជ័យលាភី។
សូមរំឭកថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត (Equinox) នេះ ត្រូវបានកើតមានឡើងចំនួន២ដងក្នុងមួយឆ្នាំ ដែលលើកទី១ កើតឡើងនៅអំឡុងខែមីនា និងលើកទី២ កើតឡើងនៅអំឡុងខែកញ្ញា។ បាតុភូតដ៏មហស្ចារ្យមានតែមួយនៅកម្ពុជានេះ ស្ដែងឱ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរ ដែលបុព្វបុរសខ្មែរបានសាងសង់ឡើង ប្រកបដោយការគិតគូរយ៉ាងច្បាស់លាស់ ព្រោះបានផ្សាភ្ជាប់ជាមួយបាតុភូតធម្មជាតិ ដែលគួរឱ្យស្ញប់ស្ញែងបំផុត។
ដោយឡែកកាលពីព្រឹត្តិការណ៍ Equinox នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ក្រសួងទេសចរណ៍ បានរកឃើញយុវជន-យុវតី ចំនួន៣នាក់ ដែលជាម្ចាស់ជ័យលាភី ក្នុងការប្រកួតថតរូប Selfie នេះ រួមមាន៖ លេខ១.លោក ហ៊ូ សុខរ័ត្ននា ទទួលបាន ១៤,៣៨០ Like, លេខ២.កញ្ញា ផា ច័ន្ទវិច្ឆិកា ទទួលបាន ១៤,១៤៨ Like និងលេខ៣.កញ្ញា លុច ពេជ្រលីតា ទទួលបាន ៩,៧១៥ Like៕