(ភ្នំពេញ)៖ ជនរងគ្រោះដោយសារធាតុ ញៀនចំនួន៤៩៧នាក់ (ស្រី២៨នាក់) នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ត្រូវបានធ្វើពិធីសមាហរណកម្មត្រឡប់ ទៅសហគមន៍វិញ ក្រោយក្រុមប្រឹក្សាជំនាញ នៃមជ្ឈមណ្ឌលឱកាសខ្ញុំ ព្យាបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទាបានរួចរាល់
ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បាននិយាយថា នៅពេលត្រឡប់ទៅវិញ ក្មួយៗសូមប្រាប់ មិត្តភក្តិ និងបងប្អូនសាច់ញាតិ ថាកុំទៅពាក់ព័ន្ឋគ្រឿងញៀន ព្រោះវាពិបាកណាស់ ហើយសង្ឃឹមថា ក្មួយៗ ប្អូនៗ មិនត្រឡប់មកកាន់ទីនេះជាលើកទី២ទេ។
លោកបន្តថា ក្មួយត្រូវធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីសម្រាលបន្ទុកគ្រួសារ សង្គម និងចូលរួមកសាងអភិវឌ្ឍន៍ សង្គមជាតិយើង។ ចំពោះមាតាបិតាអាណាព្យាបាល ត្រូវខិតខំព្យាបាលកូនចៅ ឲ្យបានជាសះស្បើយ ខណៈសមាហរណកម្ម ចូលទៅក្នុងសហគមន៍វិញ អោយក្លាយជាកូនល្អពលរដ្ឋ។
លោកស្រី មុំ ចាន់ដានី បានជំរាបជូន គណៈអធិបតីនាឱកាសនោះថា ជនរងគ្រោះដែលនឹងត្រូវធ្វើសមាហរណកម្មត្រឡប់ ទៅសហគមន៍វិញ នាពេលនេះ មានចំនួន ៤៩៧នាក់ ស្រី២៨នាក់ ។ ជនរងគ្រោះដែលបានចូលមកទទួលសេវា អប់រំ ស្តារនីតិសម្បទាក្នុងមណ្ឌល មានពី៣ខែ ដល់៩ខែ ដោយត្រូវបានគណៈកម្មការពិនិត្យវាយតម្លៃពីលទ្ឋផល អប់រំ ព្យាបាល បានជាសះស្បើយ ទើបមជ្ឈមណ្ឌលធ្វើរបាយការណ៍ ទៅរដ្ឋបាលរាជធានី ដើម្បីស្នើសុំគោលការណ៍ធ្វើសមាហរណកម្ម ទៅសហគមន៍វិញ ។
ជាក់ស្តែងនាពេលនេះ ជនរងគ្រោះដែល បានជាសះស្បើយពីសារធាតុញៀន ហើយត្រូវត្រឡប់ទៅកាន់សហគមន៍វិញរួមមាន ៖ ខណ្ឌសែនសុខ ចំនួន៧០នាក់ ស្រី០២នាក់, ខណ្ឌពោធិ៍សែនជ័យ ចំនួន៦១នាក់ ស្រី០៤នាក់, ខណ្ឌប្ញស្សីកែវ ចំនួន៥០នាក់ ស្រី០៣នាក់, ខណ្ឌទួលគោកចំនួន ៥១នាក់ ស្រី០៤នាក់, ខណ្ឌមានជ័យ ចំនួន៤០នាក់ ស្រី០៣នាក់, ខណ្ឌ៧មករាចំនួន៣១នាក់ ស្រី០៣នាក់, ខណ្ឌជ្រោយចង្វា ចំនួន២២នាក់ ស្រី០១នាក់, ខណ្ឌច្បារអំពៅ ចំនួន១៨នាក់, ខណ្ឌដង្កោ ចំនួន១៨នាក់, ខណ្ឌព្រែកព្នៅ ចំនួន១៤នាក់ ស្រី០១នាក់, ខណ្ឌដូនពេញ ចំនួន១៥នាក់ ស្រី០២នាក់, ខណ្ឌចំការមនចំនួន១២នាក់ និងតាមបណ្តាខេត្តផ្សេងៗ ចំនួន៩៥នាក់ ស្រី០៥នាក់៕