(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ បានចេញលិខិតបំភ្លឺមួយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ដោយអះអាងថា រាល់ជនជាប់ឃុំដែលមាន ជំងឺធ្ងន់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យសុទ្ធតែមាន ការសុំការអនុញ្ញាតពីព្រះរាជអាជ្ញា ក្នុងដែនសមត្ថកិច្ច។ នេះបើតាមលិខិតបំភ្លឺដែលចេញ ដោយ លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។

ការបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយរិះគន់នាថ្មីៗនេះថា មានអ្នកជាប់ឃុំ និងអ្នកទោសគ្រឿងញៀន មួយចំនួនមានឈ្មោះនៅក្នុងពន្ធនាគារ ប៉ុន្តែបែរជាអាចរស់នៅខាងក្រៅ ហើយរកស៊ីធំជាងមុន។

អគ្គនាយកដ្ឋានពន្ធនាគារ បញ្ជាក់ថា ការគ្រប់គ្រងជនជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី/ខេត្ត មិនមែនជាសមត្ថកិច្ចផ្តាច់មុខរបស់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី/ខេត្ត នោះទេ។ ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារ៖