(ស្ទឹងត្រែង)៖ ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តស្ទឹងត្រែង បាននិងកំពុងខិតជិតមកដល់ ក្នុងពេលឆាប់ៗនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនផុសផុល ពីសំណាក់ទេសចរជាតិ-អន្តរជាតិ។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ ជាង១,២០០បន្ទប់ ត្រូវបានភ្ញៀវកក់ទុក អស់រលីញគ្មានសល់។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អន ប៉ោសឺន។
លោក អន ប៉ោសឺន បានឲ្យដឹងថា «សណ្ឋាគារ ផ្ទះសំណាក់ ជាង៦៥០បន្ទប់ និងផ្ទះសំណាក់តូចៗ បន្ទប់តូចៗ ដែលទើបបង្កើតថ្មី ជាង២០០បន្ទប់ទៀត ក៏អត់គ្មានសល់ដែរ កក់ពេញហើយ និយាយរួម រហូតដល់ម៉ោងនេះ មិនក្រោមពី ១,២០០បន្ទប់ទេ គឺអស់ទាំងអស់»។
ទោះយ៉ាងណា ក្រុមការងារពាក់ព័ន្ធបាននិងកំពុងដុតដៃដុតជើង សហការគ្នារៀបចំទីស្នាក់មួយចំនួនទៀត ដូចជាទីវត្តអារាម ផ្ទះប្រជាពលរដ្ឋ ក៏ដូចជាអគាររដ្ឋបាលនានា ដើម្បីទុកសម្រាប់ភ្ញៀវទេសចរ ដែលទៅទស្សនាតាមក្រោយទៀត ព្រមទាំងការរៀបចំទីធ្លារមួយចំនួនទៀត សម្រាប់បោះតង់ស្នាក់នៅបណ្ដោះអាសន្នផងដែរ, លោកប្រធានមន្ទីរបានបន្តយ៉ាងដូច្នេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០១៧ ឆាប់ៗខាងមុខ នៅខេត្តស្ទឹងត្រែង បន្ទាប់ពីព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើង២ដង រួចមកហើយ គឺនៅខេត្តកំពង់ចាម ឆ្នាំ២០១៥ និងខេត្តក្រចេះ ឆ្នាំ២០១៦។
អ្វីដែលពិសេសនោះ ក្រៅពីចូលរួមទស្សនាព្រឹត្តិការណ៍បុណ្យទន្លេនេះ ភ្ញៀវទេសចរក៏អាចឆ្លងព្រំដែនកម្ពុជា-ឡាវ ទៅទស្សនាកម្សាន្តនៅខេត្តចម្ប៉ាសាក់ ថែមទៀតផង ដោយមិនចាំបាច់មានទិដ្ឋការនោះទេ ពោលគឺក្នុងរយៈពេល៣ថ្ងៃ ភ្ញៀវទេសចរមានឱកាសដើរទស្សនាដោយសេរី ហើយក៏អាចស្នាក់នៅបណ្ដោះអាសន្ន នៅខេត្តចម្ប៉ាសាក់ ក៏បានដែរ។
ចំណែកភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសឡាវ ក៏អាចឆ្លងមកទស្សនាបុណ្យទន្លេ នៅខេត្តស្ទឹងត្រែង បានដូចគ្នា ហើយអាចបន្តទៅទស្សនា នៅខេត្តព្រះវិហារ និងខេត្តសៀមរាប បានទៀតផង ឯភ្ញៀវទេសចរនៅកម្ពុជា ព្រោះមានកញ្ចប់ទស្សនកិច្ច ដែលត្រូវរៀបចំដោយក្រុមហ៊ុនទេសចរណ៍ របស់ប្រទេសទាំងពីរ (ចម្ប៉ាសាក់-ស្ទឹងត្រែង-ព្រះវិហារ-សៀមរាប)។
លោកប្រធានមន្ទីរ អន ប៉ោសឺន បានបន្ថែមថា នៅឆ្នាំ២០១៦ កន្លងទៅ ភ្ញៀវទេសចរអន្តរជាតិ ដែលទៅទស្សនានៅខេត្តស្ទឹងត្រែង មានជាង១០ម៉ឺននាក់ ក្នុងកំណើន ២៧ភាគរយ បើធៀបនឹងឆ្នាំ២០១៥៕