(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានរៀបចំពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) ក្នុងតំបន់វិនិច្ឆ័យ ទីតាំងអតីតយោធាសំណង់១២។ កម្មវិធីនេះរៀបចំឡើងនៅភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។
យោងតាមរបាយការណ៍របស់សាលាខណ្ឌទួលគោក បានបញ្ជាក់ឲ្យដឹងថា ទីតាំងអតីតយោធាសំណង់១២ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបានប្រកាសតំបន់វិនិច្ឆ័យ ក្រុមការងារ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធបានចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ដើម្បីធ្វើការ បិទផ្សាយជាសាធារណៈ ជូនម្ចាស់ដីពិនិត្យមាននទិន្នន័យប្រមូលបាននៅភូមិ១៣ មានទិន្នន័យសរុបចំនួន១៣៤២ក្បាលដី។
លទ្ធផលទទួលបានរួមមានកំណត់ព្រំបានចំនួន ១៣៤២ក្បាលដី វិនិច្ឆ័យបានចំនួន១២៥៨ក្បាលដី មិនទាន់វិនិច្ឆ័យ បានចំនួន៨៣ក្បាលដី និងក្បាលដីដែមានវិវាទចំនួន០១ក្បាលដី។ ករណីក្បាលដីមួយចំនួន ដែលគ្មានទិន្នន័យ គឺបណ្តាលមកពីម្ចាស់ដីមិនបានចូលរួមផ្តល់ព័ត៌មាន។
លទ្ធផលខាងលើនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះបញ្ជីដីធ្លី និងមានការសហការល្អ ពីអាជ្ញាធរមូលដ្ឋាន ដែលបានបង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារ រាល់ការបំពេញភារកិច្ច ក្នុងស្មារតីយកចិត្តទុកដាក់ ខ្ពស់ និងមានការចូលរួមពីម្ចាស់ដីទាំងអស់ ដែលជំរុញឲ្យក្រុមការងារចុះបញ្ជីដីធ្លីទទួលបានលទ្ធផលវិជ្ជមាន៕