(កោះកុង)៖ មន្រ្តីសាខាកាំកុងខេត្តកោះកុង ក្រោមការដឹកនាំដោយលោក ជា នី អនុប្រធានសាខា រួមជាមួយមន្រ្តីពាក់ព័ន្ធនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យ មើលទំនិញមានបន្លែ ផ្លែឈើដែលអាជីវករនាំចូលពីប្រទេសថៃ តាមមាត់ច្រកទ្វាអន្តរជាតិចាំយាម មកចែកចាយក្នុងទីផ្សារ នៃខេត្តកោះកុង ជាលទ្ធផលរកមិនឃើញសារធាតុគីមីឡើយ។
ការចុះត្រួតពិនិត្យបន្លែផ្លែ ដើម្បីស្វែងរកសារធាតុគីមីខាងលើនេះលោក ជា នី បានបញ្ជាក់ថា ការចុះនេះធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ សេវា និងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យដែលចែកចេញជា២ទិដ្ឋភាព។
ទិដ្ឋភាពទី១៖ គឺការត្រួតពិនិត្យជាលក្ខណៈ រូបវ័ន្តបានន័យថា «យើងត្រួតពិនិត្យលក្ខណៈទូទៅ ខាងក្រៅរបស់សម្ធិផល ម្ហូបអាហារទៅលើស្លាកសញ្ញា សំបកវេចខ្ចប់ការបរិច្ឆេទកំប៉ុងកំពិតប៉ោងរលួយ។ល»។ ទិដ្ឋភាពទី២៖ គឺត្រួតពិនិត្យគុណភាព និងភាពអនុលោម ដោយធ្វើការវិភាគជាបឋម ទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដូចជា ប៉ូរ៉ាក់ និងហ្វ័រ ម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យត្រូវយកគំរូ បញ្ជូនទៅវិភាគបន្ត នៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។
លោក ជា នី បានបញ្ជាក់ទៀតថា ជាលទ្ធផល សាខាកាំកុងត្រូលបានចុះត្រួតទំនិញបន្លែ ផ្លែឈើ នៅតាមមាត់ច្រកទ្វារព្រំដែន កម្ពុជា-ថៃ ដែលអាជីវករនាំចូល មកធ្វើការចែកចាយនៅតាមទីផ្សារនោះ សាខាកាំកុងត្រូលយើង ពុំបានរកឃើញនូវផលិតផលណាមួយ ដែលត្រូវបានគេលួចបន្លំដាក់ប្រើសារធាតុគីមីនោះឡើយ។ ហើយអាស្រ័យដោយយើង បានធ្វើការត្រួតពិនិត្យជាប្រចាំ និងជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
ក្នុងនោះផងដែរលោក ជា នី ក៏បានអំពាវនាវឲ្យអ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈ អនុលោមភាពខ្ពស់គ្មានសារធាតុគីមី ហើយមានសំបកវិចខ្ចប់ត្រឹមត្រូវ មានការបរិច្ចេទផលិត ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍ អ្នកប្រើប្រាស់ទាំងផ្នែកសុខុមាលភាព និងសេដ្ឋកិច្ច៕