(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៥ ដឹកនាំដោយទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស កម្ពុជា និងឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នេះបាទបិទបញ្ចប់ហើយ ដោយភាគីទាំងពីរសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំថា ក្នុងកិច្ចប្រជុំកម្ពុជា និងវៀតណាម បានសម្តែងការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិប្តិការប្រទេសទាំងពីរ ហើយបានលើកឡើងទៀតថា ការផ្លាស់ប្តូរដំណើរ ទស្សនកិច្ច នៃប្រទេសទាំងពីរ បានជំរុញឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។
លោក ជុំ សុន្ទរី ក៏បានបង្ហាញលទ្ធផលសង្ខេបមួយចំនួនទៀត ដែលត្រូវបានកត់ត្រាលើកំណត់ហេតុនៃកិច្ចប្រជុំ និងចុះហត្ថលេខាដោយប្រមុខការបរទេសនៃប្រទេសទាំងពីរ។
លទ្ធផលរួមមាន៖
* វិស័យអប់រំ៖ ដោយកម្ពុជាចាត់ទុកការអប់រំជាវិស័យអាទិភាព កម្ពុជា បានស្នើវៀតណាម ឲ្យបន្តផ្តល់ និងបង្កើនអាហារូបករណ៍ដល់ និស្សិត និងមន្រ្តីរាជការរបស់កម្ពុជា ព្រមទាំងបង្កើនប្រាក់អាហារូបករណ៍ផងដែរ។ ជាការឆ្លើយតបវៀតណាម បានសម្រេចផ្តល់អាហារូប ករណ៍ដល់និស្សិត និងមន្រ្តីរាជការកម្ពុជា ១១១៦កន្លែង រីឯការបង្កើនប្រាក់អាហារូបករណ៍វិញ វៀតណាម សូមយកទៅពិចារណា។ វៀតណាមក៏បានយល់ព្រមផ្តល់មូលនិធិ ក្នុងការសាងសង់សាលាមធ្យមសិក្សានៅស្រុកអូររាំង ខេត្តមណ្ឌលគិរីផងដែរ។
* វិស័យកសិកម្ម៖ កម្ពុជា និងវៀតណាម បានឯកភាពបន្តពង្រឹង ប្រយុទ្ធប្រឆាំង និងបង្រ្កាបសកម្មភាពជំនួញឆ្លងដែនខុសច្បាប់ផ្នែកឈើ សត្វព្រៃ និងកៅស៊ូធម្មជាតិ។ ភាគីទាំងពីរដល់ការវិនិយោគលើវិស័យកសិកម្ម និងកែច្នៃផលិតផលកសិកម្មរវាងប្រទេសទាំងពីរផងដែរ។
* វីស័យថាមពល៖ កម្ពុជា បានបន្តស្នើវៀតណាម ឲ្យបន្តផ្តល់ថាមពលដល់ប្រទេសកម្ពុជា ដើម្បីយកប្រើប្រាស់បំពេញតម្រូវការ។ វៀតណាម ក៏បានឯកភាពក្នុងការផ្តល់ថាមពលទៅតាមសំណើ។
* ពាពិជ្ជកម្ម៖ កម្ពុជា និងវៀតណាម បានឯកភាពជំរុញបន្ថែមលើការវិនិយោគ និងធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានជំរុញឲ្យចរចាបញ្ចប់លើការយកពន្ធត្រួតគ្នា ហើយក៏បានជំរុញអនុវត្តឲ្យបានពេញលេញ ទៅលើពិធីសារនៃការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងស្តីពីការការពារ និងជំរុញវិនិយោគទុនរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានពិភាក្សាជាសំខាន់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍពាណិជ្ជកម្មនៅតាមបន្ទាត់ព្រំដែន ហើយក៏បានឯកភាពបញ្ចប់នូវការកសាងផ្សារគំរូនៅភូមិដា ស្រុកមេមុត ខេត្តត្បូងឃ្មុំ ឲ្យបានឆាប់ៗនាពេលខាងមុខ។
* វិស័យដឹកជញ្ជូន៖ កម្ពុជា និងវៀតណាម បានជំរុញឲ្យសាងសង់ស្ពានជ្រៃធំ-ឡុងប៊ិញ ឲ្យបានចប់ជាស្ថាពរនៅក្នុងខែមេសា ដើម្បីឈានទៅសម្ពោធដាក់ឲ្យប្រើប្រាស់ អបអរសាទរដល់ទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ។ ភាគីទាំងពីរឯកភាពជំរុញចុះហត្ថលេខា MOU សាងសង់ផ្លូវល្បឿនលឿនភ្ជាប់ភ្នំពេញ-ហូជីមីញ។
* បញ្ហាគ្រឿងញៀន៖ កម្ពុជា-វៀតណាម សន្យារួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសប្រតិបត្តិការរួមតាមព្រំដែនប្រទេសទាំងពីរ។
* វិស័យសុខាភិបាល៖ វៀតណាម នៅតែបន្តផ្តល់សេវាសុខាភិបាលដល់កម្ពុជា ដែលទៅពិនិត្យព្យាបាលនៅវៀតណាម។
* បញ្ហាព្រំដែន៖ កម្ពុជា និងវៀតណាម សន្យាគោរព និងអនុវត្តឲ្យបានពេញលេញនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដទៃទៀតលើបញ្ហាព្រំ ដែន ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នានាពេលកន្លងមក។
ភាគីទាំងពីបានបូកសរុបឡើងវិញ និងវាយតម្លៃខ្ពស់ចំពោះការខិតរបស់គណៈកម្មាចម្រុះព្រំដែន នៃប្រទេសទាំងពីរ ដែលសម្រេចបានការបោះបង្គោល និងកំណត់ព្រំសីមាជាមួយគ្នាបាន ៨៤ភាគរយ ព្រមទាំងជំរុញឲ្យស្វែងរកដំណោះស្រាយលើបញ្ហាសេសសល់ឲ្យបានឆាប់៕