(ក្រចេះ)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកាំកុងត្រូល បានថ្លែងថា រយៈពេល២ខែមកនេះ មន្រ្តីរបស់លោក បានរឹបអូសទំនិញដែលខូចគុណភាព និងមានសារធាតុគីមីជាង៧តោន នៅទូទាំងប្រទេស ដើម្បីយកទៅដុតកម្ទេចចោល។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះលោក ម៉ក់ ពេជ្ជរិទ្ធ បានដឹកនាំមន្រ្តីជំនាញ និងមានការចូលរួមពីអាជ្ញាធរខេត្តក្រចេះ បាននាំយករថយន្តពិសោធន៍ចល័ត ទៅធ្វើតេស្តលើទំនិញចំនួន៧៥មុខ ដាក់លក់នៅផ្សារសាមគ្គី ក្រុង-ខេត្តក្រចេះ តែជាលទ្ធផល រកឃើញទំនិញចំនួន៥មុខ ដែលមានសារធាតុគីមី គឺកាកសំណល់ថ្នាំសម្លាប់សត្វល្អិតដូចជា ខ្ទឹមស ខាត់ណា សាឡាត់ ស្លឹកខ្ទឹម និងផ្កាកញ្ឆាយ។
នៅចំពោះមុខក្រុមអាជីវករលក់ដូរ នៅផ្សារសាមគ្គី លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា«ការចុះត្រួតពិនិត្យនេះ ធ្វើឡើងចំពោះមុខម្ហូប ចំហារ ផ្លែឈើដែលបងប្អូនអាជីវករដាក់តាំងលក់ ក្នុងផ្សារដូចជា អាជីវករលក់ដូរ នៅជុំវិញផ្សារ ក្រែងមុខម្ហូបអាហារ ផ្លែឈើទាំងនេះ ខូចគុណភាព ឬមានសាធាតុគីមី បណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរបស់់បងប្អូនប្រជាពលរដ្ឋទាំងអស់»។
លោកបានលើកឡើងទៀតថា«អំឡុងពេលជិត២ខែនេះ កម្លាំងរបស់យើងបានត្រួតពនិត្យលើចំណីអាហារមុខម្ហូប ដែលនាំចូលតាមព្រំដែន និងក្នុងផ្សារនានាទូទាំងប្រទេស ក្នុងនោះយើងរឹបអុសបានជាង៧តោន ដោយឡែកនៅខេត្តក្រចេះ រយៈពេល២ខែមកនេះ មុខម្ហូប ឬចំណីអាហារបន្លែ បង្គា មានសាធាតុគីមី និងគុណភាពត្រឹមតែ២០០គីឡូក្រាម»៕