(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ របស់ប្រទេសកម្ពុជា បានធ្វើការចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយនឹងស្ថានីយទូរទស្សន៍ TNN មកពីប្រទេសថៃ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ នៃការផ្សាយរបស់គ្នាទៅវិញទៅមក ខណៈដែលស្ថានីយទូរទស្សន៍ ទាំងពីរមានគោលដៅរួម ចង់ពង្រីកសក្តានុពល នៃការផ្សព្វផ្សាយ ឲ្យកាន់តែមានលក្ខណៈទូលំទូលាយ ជាងមុន ក្នុងតំបន់ ឆ្លើយតបទៅនឹងការគាំទ្រយ៉ាងខ្លាំង នាពេលកន្លងមក។
ពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយនឹងស្ថានីយទូរទស្សន៍ TNN ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារ សូហ្វីតែល ភោគីត្រា ភ្នំពេញ ក្នុងនោះមានការចូលរួមពីសំណាក់ លោកនាយឧត្តមសេនីយ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គនាយក ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥, លោក Apisak Dhanasettakorn នាយកគ្រប់គ្រងនៃស្ថានីយទូរទស្សន៍ TNN ប្រចាំប្រទេសថៃ និងព្រមទាំងមានការផ្ដល់កិត្តិយស ចូលរួមពីលោក Nuttavudh Photisaro ឯកអគ្គរាជទូតប្រទេសថៃ ប្រចាំនៅកម្ពុជា ធ្វើជាសាក្សីដឹងឮផងដែរ។
លោកនាយឧត្តមសេនីយ នាង ផាត អគ្គនាយកស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ ប្រចាំនៅកម្ពុជា បានថ្លែងថា ការចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយនឹងស្ថានីយទូរទស្សន៍ TNN គឺក្នុងគោលបំណង ផ្លាស់ប្ដូរនូវបទពិសោធន៍គ្នា ទៅវិញទៅមក ដូចជាការផ្សាយព័ត៌មាន សេដ្ឋកិច្ច វប្បធម៌ សិល្បៈ ប្រពៃណី ទេសចរណ៍កំសាន្ត និងលើកស្ទួយសម្ព័ន្ធមេត្រីភាព រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ខណៈដែលប្រទេសថៃ មានប្រជាជនរស់នៅប្រកាន់យកវប្បធម៌ ស្រដៀងគ្នាទៅនឹងការរស់នៅ របស់ប្រជាជនកម្ពុជា យើងដែរ។
លោកបន្តថា ម្យ៉ាងទៀត សព្វថ្ងៃនេះដោយសារមានការរីកចម្រើនខ្លាំង ផ្នែកបច្ចេកវិទ្យានៃការផ្សព្វផ្សាយ ព័ត៌មាន និងហេតុការណ៍ផ្សេងៗ នៅក្នុងតំបន់ និងនៅលើពិភពលោក ដែលជាសារប្រយោជន៍ ដ៏សំខាន់ផ្ដល់ជូនដល់ប្រជាជនទូទៅបានជ្រាប ឲ្យកាន់តែច្បាស់ និងទូលំទូលាយ តាមរយៈការទស្សនាកម្មវិធីនានា របស់ស្ថានីយទូរទស្សន៍ទាំងពីរនេះ។
ដោយឡែកលោក Apisak Dhanasettakorn នាយកគ្រប់គ្រងនៃស្ថានីយទូរទស្សន៍ TNN ប្រចាំប្រទេសថៃ បានថ្លែងឲ្យដឹងថា ស្ថានីយទូរទស្សន៍ TNN របស់ប្រទេសថៃ មានគោលបំណងរួមតែមួយ ដូចគ្នាទៅនឹងស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ របស់ប្រទេសកម្ពុជាដែរ ទើបបង្កើតឲ្យមានការចុះ MOU ឡើងនៅថ្ងៃនេះ។ ជាការពិត កម្ពុជាជាប្រទេសភូមិផងរបងជាមួយគ្នា ជាមួយនឹងប្រទេសថៃ ព្រមទាំងមានវប្បធម៌ ស្ទើរតែដូចគ្នាទាំងអស់ ជាពិសេសគឺប្រជាពលរដ្ឋ គោរពព្រះពុទ្ធសាសនា ប្រមាណ៩០% ដូចគ្នា ជាហេតុ ធ្វើឲ្យប្រពៃណី វប្បធម៌របស់ប្រទេសទាំងពីរ មិនអាចកាត់ផ្ដាច់គ្នាបាន។
លោកបន្តថា ការចុះអនុស្សរណៈយោគយល់គ្នា(MOU)នេះ គឺពុំមានជាប់ពាក់ព័ន្ធនឹងកត្តានយោបាយ អ្វីទាំងអស់ ពោលគ្រាន់តែក្នុងគោលបំណងសំខាន់ ដើម្បីលើកស្ទួយសម្ព័ន្ធមេត្រីភាព នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដោយការផ្លាស់ប្ដូរនូវព័ត៌មាន សេដ្ឋកិច្ច វប្បធម៌ សិល្បៈ ប្រពៃណី ទេសចរណ៍កំសាន្ត ជាពិសេសចង់ឲ្យប្រជាជន ទទួលបាននូវចំណេះដឹង ជាសារប្រយោជន៍ តាមរយៈការទស្សនាកម្មវិធីនានា របស់ស្ថានីយទូរទស្សន៍ទាំងពីរ៕