(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ រដ្ឋមន្រ្តីការបរទេសវៀតណាម បានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៥ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៥ បានធ្វើឡើងតាំងពីថ្ងៃទី១៣ ខែមីនា តែជាកិច្ចប្រជុំកម្រិតឧត្តមមន្រ្តី ហើយនៅព្រឹកថ្ងៃទី១៥ ខែមីនានេះ គឺជាកិច្ចប្រជុំកម្រិតរដ្ឋមន្រ្តី។ ក្រោយកិច្ចប្រជុំនាព្រឹកនេះ លោករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក ផាម ប៊ិញ មិញ នឹងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំផង ដែរ។
សូមបញ្ជាក់ថា ក្រៅពីការបើកកិច្ចប្រជុំគណៈកម្មការកម្ពុជា-វៀតណាម ប្រទេសដែលមានភូមិរបងជាប់គ្នានេះ ក៏នឹងមានកិច្ចប្រជុំដាច់ដោយឡែកមួយទៀត គឺកិច្ចប្រជុំលើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រវាងបណ្តាប្រទេសជាប់ព្រំដែនកម្ពុជា-វៀតណាម។ កិច្ចប្រជុំនេះ នឹងដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រាប់ភាគីកម្ពុជា រីឯភាគីវៀតណាម នឹងដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ។
ជាការកត់សម្គាល់កិច្ចប្រជុំទាំងពីរ ធ្វើឡើងស្របពេលជាមួយខួបលើកទី៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម។ កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ឱកាសឲ្យប្រទេសទាំងពីរ រំលឹកឡើងវិញនៃសមិទ្ធិផលដែលសម្រេចបាននាពេលកន្លងមក រួមទាំងការរៀបចំផែនការទិសដៅសម្រាប់អនាគត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរដែលមានស្រាប់៕