(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានបញ្ជាក់ប្រាប់សាធារណជន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះថា ក្រៅពីភ្លើង ទឹកក៏ដូចគ្នាដែរ អ្នកដែលប្រើអស់ក្រោម១០ម៉ឺនរៀល ការបង់តាមវីង នឹងមិនអស់ថ្លៃសេវាឡើយ។ ការអះអាងរបស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើង ក្រោយទទួលបានព័ត៌មានពីឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបប្រចាំកម្ពុជា។
ការប្រកាសជាសាធារណៈរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធខ្សែកាប្លិ៍ ក្រោមបាត់សមុទ្រ MCT ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា រៀបចំធ្វើនៅសណ្ឋាគារសុខា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។
ថ្លែងឲ្យដឹងនៅក្នុងពិធីសម្ពោធខាងលើនេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទីបានបញ្ជាក់យ៉ាងដូច្នេះថា «ការបញ្ចុះថ្លៃ សម្រាប់អ្នក ប្រើប្រាស់តាមប្រព័ន្ធតាមការទូរទាត់ គឺចាប់ពីថ្ងៃនេះតទៅ រាល់ការបង់ប្រាក់ នៅក្នុងវិក័យប័ត្រ ក្រោម១០ម៉ឺនរៀល មិនគិតកំរៃសេវា។ កន្លងមកយើង បានប្រកាសថ្លៃភ្លើងម្តងហើយ អាលូវយើងប្រកាសថ្លៃទឹកម្តងដែលមាន តម្លៃក្រោម១០ម៉ឺនរៀល នេះគឺក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃ កម្ពុជា និងតាមសំណើ និងការសម្រេចចិត្តរបស់ ក្រុមហ៊ុនអនុញ្ញាតឲ្យខ្ញុំប្រកាស អ្នកប្រើប្រាស់ទឹកក្រោម១០ម៉ឺនរៀល បង់ទូទាត់តាមវីង មិនយកកំវៃសេវា»។
* សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលប្រើទឹក អស់ក្រោម១០ម៉ឺនរៀល ហើយទូរទាត់បង់ប្រាក់តាមវីង ដោយមិនអស់ថ្លៃសេវា គឺសម្រាប់តែប្រជាពលរដ្ឋ ជាអតិថិជន ដែលមានកាតវីងតែប៉ុណ្ណោះ។
កន្លងមក អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Royal Group បានឲ្យដឹងថា ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ជីវភាពប្រជាជន វីងបានអនុញ្ញាតឲ្យអតិថិជនអាចបង់វិក្កយបត្រអគ្គិសនី របស់ខ្លួនតាមរយៈគណនីវីង ដោយមិនគិតថ្លៃសេវាឡើយ នៅពេលដែលវិក្កយបត្រមានចំនួនទឹកប្រាក់តិចជាង ឬស្មើ១០ម៉ឺនរៀល ដែលចំណុចនេះ បានផ្តល់អត្ថប្រយោជន៍ ដល់ក្រុមគ្រួសារខ្មែររាប់ពាន់នាក់ទូទាំងប្រទេស។
តាមរយៈអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានបង្ហាញផងដែរថា ការមិនយកថ្លៃសេវា បង់អគ្គិសនីនេះ បានជួយសម្រួលដល់ជីវភាពរបស់ប្រជាជនកម្ពុជាមួយកម្រិត ដោយពួកគាត់អាចសន្សំសំចៃប្រាក់កាស និងចំណាយតិច ក្នុងការប្រើប្រាស់អគ្គីសនី ហើយ វីងគួរតែបន្តអនុវត្តបន្ថែមទៀត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕