(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមផ្តល់ដំណឹងអំពីផ្លូវខូចហើយមិនទាន់ជួសជុល នៅក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យក្រសួងសាធារណការពិនិត្យ និងបន្តជួសជុលតទៀត។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅលើបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំៗ០១៧នេះ ស្របពេលដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយស្ថាប័នជំនាញ បើកយុទ្ធនាការជួសជុលអ៊ុតកៅស៊ូ នៅលើដងផ្លូវនានា នៅរាជធានីភ្នំពេញ។
នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «បងប្អូនប្រជាពលរដ្ឋ អាចចូលរួមផ្តល់ព័ត៌មានបាន គឺបើឃើញផ្លូវណាមួយខូចខាត ហើយមិនទាន់ជួសជុល សូមថតរូបហើយផ្ញើចូល Facebook ក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីក្រុមការងារក្រសួងចុះទៅពិនិត្យ និងជួសជុលជូនជាបន្ទាន់»។
រហូតដល់ពេលនេះ ការជួសជុលនិងថែទាំំងផ្លូវគឺកំពុងដំណើរការយ៉ាងសស្រាក់សស្រាំគឺទាំងផ្លូវចាស់ និងថ្មីទាំងចាស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងប្រកបការងាររបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា មកទល់ថ្ងៃនេះគឺផ្លូវក្នុងរាជធានីភ្នំពេញចំនួន ៤៩ ខ្សែត្រូវបានជួសជុលអ៊ុតកៅស៊ូថ្មីរួចរាល់ហើយ។
ជាមួយគ្នានេះ សម្តេច បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋគ្រប់រូប ចំពោះការកកស្ទះចរាចរណ៍នៅទីកន្លែង ការដ្ឋានជួសជុលផ្លូវ និងការបើកវាង ដើម្បីបញ្ជៀសការកកស្ទះធ្ងន់ធ្ងរ។ នគរបាលរាជធានី នគរបាលមូលដ្ឋាន និងកងរាជអាវុធហត្ថត្រូវជួយសម្រួលចរាចរនៅម៉ោងដែលអាចនឹងមានការកកស្ទះ ចៀសវាងការខាតបង់ពេលវេលា របស់ប្រជាពលរដ្ឋ៕