(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក ផាម ប៊ិញ មិញ (Pham Binh Minh) បានមកដល់ប្រទេសកម្ពុជា កាលពីម្សិលមិញ ហើយវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ លោកបាន និងកំពុងមានជំនួបពិភាក្សា ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា។
លោក ផាម ប៊ិញ មិញ (Pham Binh Minh) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមកធ្វើទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នៅថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៧ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ២ ក្នុងនោះមានការពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។
បើតាមមន្រ្តីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នៅម៉ោង៩៖៣០នាទី ព្រឹកនេះ លោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ រដ្ឋមន្រ្តីការបរទេសវៀតណាម និង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំកិច្ចប្រជុំ គណៈកម្មកាចម្រុះកម្ពុជា-វៀតណាម។
ចំណែកពេលរសៀល សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងបើកកិច្ចប្រជុំមួយជាមួយ លោក ផាម ប៊ិញ មិញ (Pham Binh Minh) ពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅសណ្ឋាគារអ៊ីនធើខនធីណិនថល៕