(កូរ៉េខាងជើង)៖ វីដេអូក្លីបរបស់ស្ត្រីវ័យក្មេងម្នាក់ ដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីជីវិតពិតដ៏រន្ធត់របស់ប្រជាពលរដ្ឋកូរ៉េខាងជើងដែលមនុស្ស នឹកស្មាន មិនដល់ បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពាសពេញពិភពលោក។ ការរៀបរាប់របស់នាងបានធ្វើឱ្យអ្នកចូលរួម រំជួលចិត្តរហូតស្រក់ទឹកភ្នែក។ ដើម្បីជ្រាបថាតើនាងបានរៀបរាប់អំពីអ្វីខ្លះ ?
ខាងក្រោមនេះជាអត្ថបទបកប្រែខ្លឹមសារទាំងស្រុង នៃសំដីរបស់នាងជាមួយនឹងវីដេអូនៅខាងក្រោម៖
«ខ្ញុំត្រូវតែធ្វើរឿងនេះ ពីព្រោះនេះមិនមែនគ្រាន់តែជាសំដីរបស់ខ្ញុំតែម្នាក់នោះទេ តែវាជាអ្វីដែលមនុស្ស (ប្រជាពលរដ្ឋកូរ៉េខាងជើងទាំងអស់) ចង់ប្រាប់ពិភពលោកទាំងមូល នូវអ្វីដែលពួកគេចង់និយាយ។ ប្រទេសកូរ៉េខាងជើង ជាប្រទេសមួយដែលមនុស្សមិនអាចស្រមៃនឹកស្មានដល់។ (នៅទីនោះ) ទូរទស្សន៍មានតែមួយបុស្តិ៍ គ្មានប្រព័ន្ធអ៊ីនធើណែត មនុស្សគ្មានសេរីភាពក្នុងការច្រៀង និយាយ ស្លៀកពាក់ ឬគិតពីអ្វីដែលយើង ចង់នោះបានឡើយ។ ប្រទេស កូរ៉េខាងជើង ជាប្រទេសតែមួយគត់លើពិភពលោក ដែលប្រហារជីវិតមនុស្ស ដោយគ្រាន់តែការហៅទូរសព្ទទៅ ក្រៅប្រទេស ដោយគ្មានការអនុញ្ញាត។ ប្រទេសកូរ៉េខាងជើងបច្ចុប្បន្ន ជាប្រទេសដែលគួរតក់ស្លុតជាទីបំផុត។»
«នៅពេលខ្ញុំធំឡើងនៅប្រទេសកូរ៉េជើង ខ្ញុំពិតជាមិនធ្លាប់បានមើលខ្សែភាពយន្តដែលបង្ហាញពីក្តីស្រឡាញ់រវាងបុរស និងស្រ្តីឡើយ។ គ្មានសៀវភៅ គ្មានចម្រៀង គ្មានសារព័ត៌មាន គ្មានខ្សែភាពយន្តអំពីក្តីស្រឡាញ់ គ្មានរឿង រ៉ូមីអូនិងជូលីឡើយ។ គ្រប់ខ្សែភាពយន្តទាំងអស់ សុទ្ធតែជាការឃោសនា ដើម្បីលាងសម្អាតខួរក្បាលមនុស្ស អោយគោរព ត្រកូល គីម ដែលមេដឹកនាំផ្តាច់ការ។»
«នាងខ្ញុំបានកើតនៅក្នុងឆ្នាំ១៩៩៣ ខ្ញុំត្រូវបានគេនាំលួចរត់តាំងពីមុនពេលដែលខ្ញុំស្គាល់ពាក្យថា សេរីភាព និងសិទ្ធមនុស្ស។ ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋកូរ៉េខាងជើង គ្មានសង្ឃឹមក្នុងការស្វែងរក ឬលះបង់ជីវិតដើម្បីទទួលបានសេរីភាពបាននោះឡើយ។ នៅពេលនាងខ្ញុំស្ថិតក្នុងវ័យ៩ឆ្នាំ ខ្ញុំបានឃើញម្តាយមិត្តភក្តិខ្ញុំម្នាក់ ត្រូវប្រហារជីវិតជាសាធារណៈ។ ដឹងទេថា បទឧក្រិដ្ឋរបស់គាត់ជាអ្វី? គឺគ្រាន់តែការមើលរឿងហូលីវូដ!
ការលើកឡើងអំពីភាពមន្ទិលចំពោះរបបដឹកនាំ អាចធ្វើឱ្យគ្រួសាររហូតដល់បីជំនាន់ ត្រូវជាប់ពន្ធធនាគារ ឬប្រហារជីវិតទាំងអស់។»
«នៅពេលខ្ញុំមានអាយុ៤ឆ្នាំ ខ្ញុំត្រូវម្តាយរបស់ខ្ញុំហាមឃាត់មិនឲ្យសូម្បីនិយាយខ្សឹប។ ហេតុនេះ មិនថាសត្វបក្សី ឬកណ្តុរមិនអាចលឺសម្លេងខ្ញុំ បានឡើយ។ ខ្ញុំទទួលស្គាល់ ខ្ញុំគិតថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើង អាចដឹងពីអ្វីដែលនៅក្នុងខួរក្បាលខ្ញុំ។»
«ឪពុករបស់ខ្ញុំបានស្លាប់នៅក្នុងប្រទេស ចិន បន្ទាប់ពីលួចរត់គេចពីប្រទេសកូរ៉េខាងជើង។ ហេតុនេះខ្ញុំចាំបាច់ត្រូវកប់សាកសពរបស់គាត់ នៅម៉ោងបីទាបភ្លឺ ដោយសម្ងាត់ នៅពេលនោះខ្ញុំមានអាយុ១៤ឆ្នាំ ខ្ញុំមិនអាចសូម្បីតែយំ។ ខ្ញុំខ្លាចគេបញ្ជូនត្រឡប់មកប្រទេស កូរ៉េខាងជើងវិញ។
នៅថ្ងៃដែលខ្ញុំចាកចេញពីប្រទេសកូរ៉េខាងជើង ខ្ញុំបានឃើញម្តាយរបស់ខ្ញុំត្រូវគេចាប់រំលោភ។ អ្នកចាប់រំលោភនោះ ជាឈ្មួញកណ្តាលជនជាតិចិន។ (ការពិត) បុរសនោះមានបំណងចង់ចាប់រំលោភខ្ញុំ ទាំងដែលខ្ញុំទើបអាយុ១៣ឆ្នាំនៅឡើយ។ នៅកូរ៉េខាងជើងមានការលើកឡើងថា ស្ត្រីគឺជាមនុស្សទន់ខ្សោយ តែម្តាយរបស់ខ្ញុំជាស្ត្រីរឹងមាំម្នាក់ ព្រោះម្តាយខ្ញុំសុខចិត្តឱ្យគេរំលោភ ដើម្បីការពារខ្ញុំ។»
«បច្ចុប្បន្នជនភៀសខ្លួនកូរ៉េខាងជើង ប្រមាណជា៣០០ពាន់នាក់ កំពុងរងការឈឺចាប់ជាខ្លាំងនៅក្នុងដែនដី នៃប្រទេសចិន។ ៧០ភាគរយនៃស្ត្រី និងក្មេងស្រីវ័យជំទង់ជនជាតិកូរ៉េខាងជើង កំពុងក្លាយជាជនរងគ្រោះ។ ពេលខ្លះពួកគេ ត្រូវបានគេលក់ក្នុងតម្លៃទាបបំផុតត្រឹមតែ ២០០ដុលា្លរប៉ុណ្ណោះ។ យើងត្រូវដើរឆ្លងកាត់វាលខ្សាច់ Gobi ដោយពឹងផ្អែកលើត្រីវិស័យ តែពេលត្រីវិស័យខូច យើងត្រូវដើរតាមទិសនៃ ផ្កាយលើមេឃ ដើម្បីស្វែងរកសេរីភាព។ ពេលនោះខ្ញុំមានអារម្មណ៍ថា មានតែផ្កាយតែប៉ុណ្ណោះដែលនៅជាមួយយើង។»
«ប្រទេស ម៉ុងហ្គោលី ជាកន្លែងដែលផ្តល់សេរីភាពសម្រាប់យើង។ យើងកាន់កាំបិតគ្រប់ដៃ ត្រៀមជាស្រេចក្នុងការសម្លាប់ខ្លួនឯង ប្រសិនបើយើងត្រូវបញ្ជូនត្រឡប់ទៅប្រទេស កូរ៉េខាងជើងវិញ។ យើងចង់រស់នៅដូចជាមនុស្សទូទៅ។»
«មនុស្សជាច្រើនតែងតែសួរខ្ញុំថា តើយើងអាចជួយប្រជាពលរដ្ឋកូរ៉េខាងជើងដោយរបៀបណា? មានមធ្យោបាយជាច្រើន ប៉ុន្តែខ្ញុំពេលនេះចង់ លើកឡើងនូវបីចំណុច។ ទីមួយ បង្កើនការសិក្សាដោយខ្លួនអ្នក ហេតុនេះអ្នកអាចបង្កើនការយល់ដឹងអំពីវិបត្តិមនុស្សនៅកូរ៉េខាងជើង។ ទីពីរ ជួយ និងគាំទ្រដល់ជនភៀសខ្លួនកូរ៉េខាងជើង ដែលព្យាយាមរត់គេច ដើម្បីស្វែងរកសេរីភាព។ ទីបី ស្នើដល់រដ្ឋាភិបាលចិន បញ្ឈប់ការធ្វើមាតុភូមិនិវត្តន៍ (បញ្ជូនប្រជាពលរដ្ឋកូរ៉េខាងជើង ទៅប្រទេសកំណើតវិញ)។ យើងចាំបាច់ត្រូវផ្តល់ពន្លឺដល់កន្លែងមួយនៅលើផែនដីនេះ ដែលកំពុងងងឹត សូន្យឈឹង»។
«វាមិនមែនគ្រាន់តែជារឿងសិទ្ធមនុស្សរបស់ជនជាតិកូរ៉េខាងជើងនោះទេ តែវាជាសិទ្ធរបស់យើងគ្រប់គ្នា ដែលមេដឹកនាំផ្តាច់ការកូរ៉េខាងជើង បានបំពានអស់រយៈពេល៧ទសវត្សរ៍។ យើងត្រូវការឱ្យរដ្ឋាភិបាលទាំងអស់ទូទាំងពិភពលោក ដាក់សម្ពាធទៅលើប្រទេសចិន ដើម្បីបញ្ឈប់ការធ្វើ មាតុភូមិនិវត្តន៍។ ជាពិសេស ប្រជាពលរដ្ឋចិន ដែលជាដំណាងមួយរបស់អង្គការ One Young World ដែលអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកឡើងពីបញ្ហានេះ។»
«កូរ៉េខាងជើង ជាប្រទេសដែលមិនអាចពណ៌នាបាន។ មានជីវិតជាមនុស្ស មិនគួរណាទទួលការគាបសង្កត់ ដោយគ្រាន់តែហេតុផលមកពីប្រទេស កំណើត របស់គេនោះឡើយ។ យើង មិនគួរផ្តោតការយកចិត្តទុកដាក់ខ្ពស់ពេកទៅលើរបបដឹកនាំនោះទេ តែយើងគួរតែផ្តោតការយកចិត្ត ទុកដាក់ខ្ពស់ទៅលើមនុស្សដែលកំពុងត្រូវបានគេបំភ្លេចចោលវិញ។»
«អង្គការ One Young World ជាអង្គការមួយដែលអាចនឹងធ្វើឱ្យពួកគេ(ប្រជាពលរដ្ឋកូរ៉េខាងជើង) ត្រូវបានមនុស្សមើលឃើញ។ ដំណាងគ្រប់រូប សូមចូលរួមជាមួយនាងខ្ញុំ ខណៈដែលយើងនឹងធ្វើឱ្យកិច្ចការនេះ ក្លាយជាចលនាសកលលោក ដើម្បីរំដោះប្រជាពលរដ្ឋកូរ៉េខាងជើង»។
«នៅពេលដែលខ្ញុំធ្វើដំណើរឆ្លងកាត់វាលខ្សាច់ Gobi ខ្ញុំខ្លាចសេចក្តីស្លាប់ជាខ្លាំង ខ្ញុំគិតថា មនុស្សទាំងអស់លើលោកនេះ ហាក់មិនខ្វល់ពីយើងឡើយ។ វាហាក់ដូចជា មានតែផ្កាយតែប៉ុណ្ណោះដែលនៅជាមួយខ្ញុំ។ ប៉ុន្តែនៅទីនេះអ្នកបានស្តាប់រឿងរបស់ខ្ញុំ ដោយយកចិត្តទុកដាក់បំផុត។ អរគុណអ្នកទាំងអស់គ្នាជាខ្លាំង»៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា