(ភ្នំពេញ)៖ សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានបញ្ជូនកីឡាករឆ្នើម២រូប ចេញដំណើរទៅធ្វើការហ្វឹកហាត់បច្ចេកទេសទូកក្ដោងនៅ កោះហៃណាន ប្រទេសចិន ដែលនឹងធ្វើការហ្វឹកហាត់រយៈពេល០២ខែ គិតចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ ខែឧសភា ឆ្នាំ២០១៧។ ដោយមានកិច្ចសហការ យ៉ាងល្អពីសំណាក់ ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និង ជាមេបញ្ជាការកងទ័ពជើងទឹកប្រចាំការ នៅមូលដ្ឋានសមុទ្ររាម។
សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានធ្វើការជ្រើសរើសបានកីឡាករដែលមានទេពកោសល្យចំនួន០២រូប ដែលសុទ្ធជាកូនរបស់នាវឹកជើងទឹកប្រចាំការ ក្នុងមូលដ្ឋានទ័ពជើងទឹករាម ដែលកំពុងតែធ្វើដំណើរទៅហ្វឹកហាត់ប្រទេសចិនក្នុងថ្ងៃនេះ។
លើសពីនោះក្រោមការឧបត្ថមទាំងស្រុង ផ្នែកថវិការរបស់លោក ថាង ហ្គោដុន អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ក្រោមកិច្ចសម្របសម្រួលដ៍ល្អរបស់លោក ថោង រដ្ឋសក្ដិ អនុប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានធ្វើឲ្យសហព័ន្ធមានដំណើរការរីកចម្រើនឡើង ប្រកបដោយប្រសិទ្ធភាព ថែមទាំងបានពង្រឹងសមត្ថភាពកីឡាករកម្ពុជា ឲ្យបានល្អប្រសើរឡើង ក្នុងទិសដៅ ដើម្បីចូលរួមក្នុងការប្រកួតជើងឯកកីឡាទូកក្ដោងពិភពលោក ដែលនឹងធ្វើឡើងនៅ ខេត្តហយអាន់ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១០-១៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះក៍ដូចជា ការត្រៀមរៀបចំខ្លួនសំរាប់ចូលរួមប្រកួតក្នុងកីឡាអាស៊ីអាគ្នេយ៍លើកទី២៩ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ខែសីហា ឆ្នាំ២១០៧នេះ ក៍ជាការត្រៀមលក្ខណៈក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ផងដែរថា សំរាប់ក្នុងវិញាសាទូកក្ដោង Windsurfing ប្រភេទ U16 RS-one សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានរៀបចំអោយកីឡាករវ័យ ១៤ឆ្នាំពីរូបគឺ ហៀង ស៊ុនហេង និង សូត្រ មេសា ហើយចំពោះវិញាសាទូកក្ដោងប្រភេទ Laser 470 មានកីឡាករ ឌុច ប៊ុនធឿន វ័យ៣១ឆ្នាំ នឹងចូលរួមផងដែរ៕