(ព្រៃវែង)៖ ក្រុមចោរប្រើកាំភ្លើង AK ចំនួន៣នាក់ បានចូលទៅប្លន់យកទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋ នៅភូមិត្រពាំងត្នោត ស្រុកកំពង់ត្របែក ជាប់ព្រំប្រទល់ ស្រុកមេសាង ខេត្តព្រៃវែង នាយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។
មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន បានបញ្ជាក់ថា ពិតជាមានករណីនេះកើតឡើងមែន តែលោកមិនទាន់បានទទួលព័ត៌មានលម្អិតនៅឡើយទេ ដោយនៅពេលនេះកម្លាំងរបស់លោក ចុះទៅកាន់កន្លែងកើតហេតុហើយ។
លោក ប៉ែន សំអាង នាយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានឲ្យដឹងថា ពិតជាមានករណីនេះកើតឡើងមែន បង្កដោយជនសង្ស័យ៣នាក់ តែមិនទាន់ដឹងលម្អិតនៅឡើយទេ ដោយនៅពេលនេះលោកកំពុងទៅកាន់កន្លែងកើតហេតុ។ លោកបានបន្តទៀតថា ក្រោយធ្វើសកម្មភាពជនសង្ស័យទាំង៣នាក់ បានរត់ទៅតាមវាលស្រែ ហើយក៏មិនទាន់ដឹងច្បាស់ថា ជនរងគ្រោះបាត់ទ្រព្យសម្បត្តិប៉ុន្មាននោះទេ៕