(តាកែវ)៖ អំណោយជាច្រើនរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់ដៃប្រជាពលរដ្ឋ នៅស្រុកកោះអណ្តែត និងស្រុកត្រាំកក់ ខេត្តតាកែវ តាមរយៈក្រុមការងារស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ាណែត ដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។
អំណោយដែលបាននាំទៅនោះ រួមមាន កុំព្យូទ័រ១គ្រឿង ម៉ាស៊ីនហ្វូតូកូពី១គ្រឿង ម៉ាស៊ីន LCD Projector ១គ្រឿង ប្រគល់ជូនសាលាស្រុកកោះអណ្តែត សម្រាប់បម្រើការងាររដ្ឋបាលរបស់ស្រុក។ ចំណែក កុំព្យូទ័រ១គ្រឿង និងម៉ាស៊ីនព្រីនធរ១គ្រឿង ជូនសាលាបឋមសិក្សាបន្ទាយធ្លាយ និងថវិកា ២០លានរៀល ប្រគល់ជូនគណៈកម្មការសាងសង់ សម្រាប់ជួសជុលផ្លូវលំ និងជីកស្រះទឹកនៅវត្តកែវកាំភ្លើង ស្ថិតក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត។
ក្រៅពីនេះ មានស៊ីម៉ង់ត៍២០តោន និងថវិកា០៣លានរៀល ត្រូវបានប្រគេនជូនព្រះសង្ឃ ក្នុងវត្តអគ្គមហាសេនារាម ដើម្បីចូលរួមការកសាងវត្ត ដែលទើបបង្កើតថ្មីមួយនេះ ស្ថិតក្នុងភូមិបឹង ឃុំឡេបូ ស្រុកត្រាំកក់។
ព្រះមហាវិរវង្សាចារ្យ ជ្រិន សិទ្ធិ ព្រះមេគណខេត្តតាកែវ បានមានសង្ឃដីកាថា វត្តអគ្គមហាសេនារាម គឺជាទីអារាមថ្មីមួយ ដែលទើបចាប់ផ្តើមការងារសាងសង់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅ នៅលើផ្ទៃដីទំហំ ៦,៨០០ម៉ែត្រការ៉េ និងកំពុងទិញដីបន្ថែម សម្រាប់ពង្រីកទីធ្លាអារាមឲ្យបានកាន់តែធំទូលាយជាងមុន។
ក្នុងឱកាសសំណេះសំណាលជាមួយព្រះតេជគុណគ្រប់ព្រះអង្គ លោកយាយលោកតា និងពុទ្ធបរិស័ទ នៅវត្តអគ្គមហាសេនារាម លោក មែ ស៊ីថន តំណាងឲ្យលោក ហ៊ុន ម៉ាណែត បានសម្តែងនូវភាពរីករាយជ្រះថ្លា ចំពោះទីអារាមថ្មីដែលកំពុងចាប់ផ្តើមកសាងឡើងនេះ។
លោកលើកឡើងថា ការបង្កើតទីវត្តអារាមថ្មីនេះ មិនអាចសម្រេចឲ្យបាននៅក្នុងរយៈពេលតែមួយថ្ងៃ បាននោះទេ គឺច្បាស់ណាស់ថា ត្រូវការពេលវេលាដ៏ច្រើន និងការចូលរួមចំណែកពីសប្បុរសជនពុទ្ធបរិស័ទថែមទៀត ដើម្បីឈានទៅសម្រេចឲ្យបាននូវសមិទ្ធផល ទោះបីអាចចំណាយពេលវេលារហូតដល់ ១០ឆ្នាំ ឬ២០ឆ្នាំ ខាងមុខទៀតក៏ដោយ ប៉ុន្តែនឹងសម្រេចបានជោគជ័យ ១០០% ដោយសារព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទទាំងអស់ជ្រះថ្លា និងមានការចាប់ផ្តើមកសាងនៅថ្ងៃនេះ ពិសេសដរាបណាប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ដែលអំណោយផលគ្រប់យ៉ាងដល់ការអភិវឌ្ឍន៍ទាំងអាណាចក្រ និងពុទ្ធចក្រ។
ជំនួសមុខជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាជនទាំងអស់ នៅស្រុកកោះអណ្តែត និងស្រុកត្រាំកក់ លោក មាស អ៊ុយ អភិបាលស្រុកកោះអណ្តែត និងលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ បានថ្លែងអំណរគុណ ចំពោះសម្តេចទាំងពីរ និងលោក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែដោះស្រាយស្ទើរតែរាល់សំណូមពរ និងតម្រូវការចាំបាច់ផ្សេងៗ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយប្រើប្រាស់ធនធានផ្ទាល់ខ្លួនរបស់លោក៕