(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះផ្ទះមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំនួន២ខ្នង ត្រូវបានលោកស្រី គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខា និងសហការី ប្រគល់ជូនប្រជាពលរដ្ឋនៅស្រុកសូទ្រនិគម។
ផ្ទះមនុស្សធម៌ទាំង២ខ្នងនេះមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៨ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ក្រោមការជួយឧបត្ថម្ភពី លោកឧកញ៉ា លី ហុង និងលោកស្រីម្ចាស់សណ្ឋាគារ អង្គរភែលេស រីហ្សត និងស្ប៉ា ខេត្តសៀមរាប។
ផ្ទះថ្មីនេះត្រូវបានប្រគល់ជូន៖
- ផ្ទះមនុស្សធម៌ទី៨ ប្រគល់ជូនឈ្មោះ នឿម តំឡាប់ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកំពង់គរ២ ឃុំ កៀនសង្កែ ស្រុកសូទ្រនិគម ជាស្ត្រីមេម៉ាយក្រីក្រខ្លាំង មានជំងឺប្រចាំកាយ និងមានកូនតូចម្នាក់ផង។
- ផ្ទះមនុស្សធម៌ទី៩ ប្រគល់ជូនឈ្មោះ មោង រ៉េត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម គ្រួសារក្រីខ្លាំង មានជំងឺរ៉ាំរ៉ៃ និងត្រូវចិញ្ចឹមចៅកំព្រាផង។
ថ្លែងក្នុងឱកាសនោះលោកស្រី គួយ ណាលីន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រី ក៏បានបន្តថា បងប្អូនត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ ត្រូវបន្តមើលថែកូនចៅ ឱ្យគាត់បានរៀនសូត្រដើម្បីអនាគតភ្លឺស្វាង។ នេះជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និង ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
អំណោយសង្កត់ផ្ទះ១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល ជាមួយគ្នានេះដែរ លោកស្រី ម៉ម វាសនា សមាជិកគណៈកម្មាធិការសាខា ឧបត្ថម្ភកង់១គ្រឿងក្នុង១គ្រួសារផងដែរ៕