(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ បានលើកឡើងថា គម្រោងផ្លូវទាំងឡាយណា ដែលប៉ះពាល់ដល់លំនៅដ្ឋាន ហើយមិនមែនជាតម្រូវការរបស់ប្រជាពលរដ្ឋនោះ លោកនឹងមិនឲ្យសាងសង់ឡើយ តែបើជាតម្រូវការវិញនោះ លោកនឹងដំណើរសាងសង់ ឲ្យតែប្រជាពលរដ្ឋស្រុះស្រួលគ្នា ហើយសម្បទានឲ្យគ្នាទៅវិញទៅមក។
ការលើកឡើងរបស់ លោក ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាសដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យដោយផ្ទាល់ទៅលើលំនៅដ្ឋាន ដែលរងផលប៉ះពាល់ នៃការបើកផ្លូវគ្រោងលេខ១០៧ និងផ្លូវច្រកមួយចំនួន ក្នុងភូមិពាលញែក១ និងភូមិស្ថានីយ៍ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅទីនោះ លោក ម៉ៅ ធនិន បានឲ្យដឹងថា ផ្លូវគ្រោងមួយចំនួន ដែលរងផលប៉ះពាល់ដល់លំនៅដ្ឋានស្ទើរតែទាំងស្រុង ហើយមិនមែនជាតម្រូវការរបស់ប្រជាពលរដ្ឋ លោកនឹងធ្វើការបិទជូន។ ជាក់ស្តែង ផ្លូវគ្រោងលេខ១០៧ គឺរងផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋស្ទើរតែទាំងស្រុង។
លោកអភិបាលខេត្តបានបន្តថា «យើងអាចបើកផ្លូវច្រកផ្សេង ជំនួសផ្លូវគ្រោងលេខ១០៧ ដែលមិនមែនជាតម្រូវការ តែបើបងប្អូនស្រុះស្រួល អធ្យាស្រ័យគ្នា ដោយគិតពីប្រយោជន៍រួមហើយនោះ លោកនឹងធ្វើការបើកផ្លូវជូន ចំពោះអ្នកដែលមានលទ្ធភាព ត្រូវសម្បទានទៅឲ្យអ្នកក្រីក្រ ដើម្បីរួមគ្នារស់បន្តទៀត ឲ្យដូចជាបងប្អូន និងគ្រួសារតែមួយ»។
លោកបានបន្ថែមទៀតថា បើមានផ្លូវគឺពលរដ្ឋនឹងមានសង្ឃឹម ពេលនោះដីនឹងមានតម្លៃ ពួកគាត់អាចចូលរួមសហការគ្នាចាក់ប៉េតុង រៀបចំប្រព័ន្ធលូ និងសង់លំនៅដ្ឋានឲ្យបានស្អាតរៀងៗខ្លួន ណាមួយបើផ្លូវបើកបានធំ ងាយស្រួលប្រើប្រាស់ និងងាយស្រួលឲ្យរថយន្តពន្លត់អគ្គិភ័យចេញចូលបានស្រួល នៅពេលមានឧបទ្ទវហេតុណាមួយកើតឡើង។
ប្រជាពលរដ្ឋនៅទីនោះ បានថ្លែងអំណរគុណ ចំពោះលោកអភិបាលខេត្ត ដែលមានចំណាត់ការល្អ ក្នុងការដោះស្រាយ ហើយនេះជាភ័ព្វសំណាងណាស់ ដែលប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ មានថ្នាក់ដឹកនាំប្រកប់ដោយគុណធម៌ ករុណាធម៌ និងដឹងពីសុខទុក្ខប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់ទាំងអស់គ្នា កាន់តែមានទំនុកចិត្តគោរពស្រលាញ់។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃដដែល នៅមុនម៉ោងការងាររដ្ឋបាល លោក ម៉ៅ ធនិន ក៏បានទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងបានផ្តល់ស្បៀងផ្ទាល់ដៃ ជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ នៅបរិវេណសាលាខេត្តពោធិ៍សាត់ផងដែរ៕