(ឧត្តរមានជ័យ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តដំណើរចុះពិនិត្យការដ្ឋានគម្រោងធនធានទឹក ស្ទឹងស្រែង ជំហានទី២ ដែលមានសមត្ថភាពស្រោចស្រពដីស្រែ ជាង២.៥ម៉ឺនហិកតា ជូនពលរដ្ឋនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
គម្រោងអភិវឌ្ឍធនធានទឹក ស្ទឹងស្រែង ជំហានទី២ មានទីតាំងស្ថិតក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានបើកការដ្ឋានដំណើរការអនុវត្ត ដោយលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំកំបោរ ទៅភ្នំរូងដែក) ដើម្បីបង្កើតជាអាងទឹក ដែលសមត្ថភាពស្តុកទឹកបានប្រមាណ ២៥៨លានម៉ែត្រត្រីគុណ។
ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់មួយផ្នែកទៅកាន់គម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង ជំហានទី១ រួចបន្តបែងចែកតាមប្រឡាយមេ ប្រឡាយរងនានា ទៅស្រោចស្រពដីស្រែ ជាង២៥,០០០ហិកតា (អាចបង្កបង្កើនផលបាន២ដងក្នុងមួយឆ្នាំ) ក្នុងខេត្តចំនួន៣ គឺខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងមួយផ្នែកទៀត បង្វែរទៅរក្សាទុកនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នៅក្នុងការចុះពិនិត្យការងារនេះ លោករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមហ៊ុន Sino Hydro នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអនុវត្តគម្រោងនេះ ប្រកបដោយគុណភាព និងទាន់ពេលវេលា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់អ្នកបច្ចេកទេស ដើម្បីឱ្យសិក្សា និងឈានទៅជីកប្រឡាយមេ ១ខ្សែ បន្ថែមទៀត ដើម្បីនាំទឹកពីស្ទឹងស្រែងទៅបំពេញអាងត្រពាំងថ្មឱ្យបានកាន់ឆាប់៕