(បាត់ដំបង)៖ សមាជិកគណៈកម្មាធិកាកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ឡោក ហ៊ួរ បានចំអកឲ្យគណបក្សសង្គ្រោះជាតិ (CNRP) ទៅនឹងពាក្យ «កុំរើសមេឃុំបម្រើបក្ស ត្រូវរើសមេឃុំបម្រើរាស្រ្ត» វិញថា ពាក្យនេះ គួរតែថាឲ្យ CNRP វិញ ព្រោះបេក្ខជនមេឃុំរបស់ CNRP ភាគច្រើនគឺរើសពីបក្ខពួកគ្នីគ្នារបស់ខ្លួន។
លោកបានតបជាចម្ងល់វិញថា «មេឃុំបោករាស្រ្តចាំតែថា ចុះមេឃុំទេវតា បម្រើពលរដ្ឋ កសាងសមិទ្ធផលរាប់មិនអស់ តើមេឃុំបក្សណាល្អជាង»។
ពាក្យពេចន៍ផ្លែផ្កាទាំងនេះ ត្រូវបានលើកឡើងក្នុងឱកាសចុះផ្សព្វផ្សាយសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល និងធនាគារជាតិ នៅទីស្នាក់ការបក្សស្រុកសង្កែ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីបញ្ជ្រាបដល់ក្រុមប្រឹក្សាឃុំនានា ក្នុងស្រុកសង្កែ និងប្រាប់បន្តទៅប្រជាពលរដ្ឋ អំពីការបញ្ចុះអាត្រាការប្រាក់ ត្រឹមតែ១៨% ក្នុងមួយឆ្នាំ របស់គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុឯកជន។
លោក ឡោក ហ៊ួរ បានឲ្យដឹងថា «គោលនយោបាយបក្សប្រឆាំង គឺមិនច្បាស់លាស់ទេ បានចោទ CPP និងបាននិយាយថា ត្រូវរើសមេឃុំបម្រើរាស្រ្ត កុំរើសមេឃុំបម្រើបក្ស តែពាក្យនេះ គួរតែដាក់ឲ្យបក្សខ្លួនឯងទើបត្រូវ បក្សប្រឆាំងមានដែលបម្រើរាស្រ្តស្អីខ្លះ ធ្វើអ្វីបានខ្លះ»។ បើមេឃុំបក្សប្រជាជនកម្ពុជា ទើបបានបម្រើសរាស្រ្តពិតប្រាកដ រួមទាំងបានកសាង និងអភិវឌ្ឍន៍ភូមិ/ឃុំ មានការរីកចម្រើនដល់សព្វថ្ងៃ។
លោកបានបញ្ជាក់ថា បេក្ខជនក្រុមប្រឹក្សាឃុំ CPP គឺជ្រើសរើសដោយមានការបោះឆ្នោតត្រឹមត្រូវ តាមគោលការណ៍ ដោយផ្អែកតាមកត្តា ៤ចំណុចសំខាន់ៗ រួមមាន៖
១- បុគ្គលមានប្រជាប្រិយភាព ស្រឡាញ់រាប់អាន ពីប្រជាពលរដ្ឋ
២- បុគ្គលមានសមត្ថភាព និងចំណេះដឹង
៣- បញ្ចូលស្រ្តីឲ្យបានច្រើន (យិនឌ័រ) ដើម្បីមានសិទ្ធិបម្រើនយោបាយដូចបុរសដែរ
៤- ជំរុញឲ្យយុវជន បន្តវេនប្រឡូកក្នុងឆាកនយោបាយមូលដ្ឋាន មិនដូចបក្សប្រឆាំងរើសមេឃុំប្រកាន់បក្សពួក ដោយការចាត់តាំងនោះទេ។
សូមជម្រាបថា សេចក្ដីសម្រេចអំពីការបញ្ចុះអាត្រាការប្រាក់ ត្រឹមតែ១៨% ក្នុងមួយឆ្នាំ របស់គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុឯកជនទាំងនេះ ត្រូវបានរាជរដ្ឋាភិបាល ចេញផ្សាយជាផ្លូវការ និងបញ្ជាឲ្យអនុវត្ត ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ តទៅ៕