(ព្រះវិហារ)៖ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប៉ុក ប៉ាន់ បានទទូចស្នើដល់អង្គការ Swisscontact របស់ប្រទេសស្វីស តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញ ជួយបង្កើនការបណ្តុះបណ្តាលដល់យុវជនកម្ពុជា ស្របតាម ស្តង់ដា និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងអនាគត។

ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសចូលរួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្នុងកម្មវិធីផ្សព្វផ្សាយផ្លូវការ ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ ដែលរៀបចំដោយរដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអង្កការ Swisscontact នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។

លោក ប៉ុក ប៉ាន់ បានបន្តទៀតថា រាល់កិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសពីអង្គការអន្តរជាតិទាំងអស់ ដែលបាន​រួមវិភាគទាន​ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្ថាប័នជំនាញពាក់ព័ន្ធ និងវិស័យឯកជន ចាំបាច់ត្រូវតែចូលរួម​សហការអនុវត្តទាំងអស់គ្នា ដើម្បីបង្កើតធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងខេត្ត ស្រុក ឃុំ និងមូលដ្ឋាន។

លោកអភិបាលខេត្តថា ខេត្តព្រះវិហារ ជាខេត្តដាច់ស្រយ៉ាលមួយ នៅខ្វះធនធានមនុស្ស ហើយប្រជាជនមួយចំនួន បានធ្វើចំ​ណាក​ស្រុកទៅរកការងារធ្វើនៅប្រទេសជិតខាង តែតាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញ របស់អង្គការ Swisscontact នេះ ខេត្តព្រះ​វិហារ នឹងទទួលបានឱកាសកសាងសមត្ថភាពដល់ម្ចាស់ និងអ្នកគ្រប់គ្រងសហគ្រាស និងយុវជន ដើម្បីឆ្លើយតបនឹងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច។

លោកស្រី រ៉ាហែល ប៊ូស ប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ បានបន្ទោរឡើងថា រដ្ឋាភិបាលស្វីស រីករាយក្នុងកា​រ​សហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ជំនាញ និងការងារ នៅតាមបណ្តាខេត្តដាច់ស្រយ៉ាល ក្នុងគោល​បំណងជួយបង្កើនប្រាក់ចំណូល និងឱកាសការងារ សម្រាប់ជនងាយរងគ្រោះ៕