(ភ្នំពេញ)៖ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចដ៏ល្បីមួយរូប បានថ្លែងគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានចេញអន្តរាគមន៍ កំណត់អត្រាការប្រាក់ ឥណទាន (កម្ចី) មិនឲ្យលើសពី១៨% ក្នុងមួយឆ្នាំ ឬ១.៥%ក្នុង១ខែ ដោយលោកចាត់ទុកថា បទអន្តរាគមន៍នេះ នឹងជួយដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការសាច់ប្រាក់។

លោក ចាប សុថារិទ្ធិ សាស្ត្រាចារ្យបណ្ឌិត វិទ្យាសាស្ត្រសេដ្ឋកិច្ច នៃវិទ្យាស្ថានខ្មែរសម្រាប់ សហប្រតិបតិ្តការ សេដ្ឋកិច្ច និងសន្តិភាព បានថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះថា វាជាការល្អណាស់ ដែលរាជរដ្ឋាភិបាល មានការអន្តរាគមន៍ ទៅលើអត្រាការប្រាក់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវុត្ថុ ហើយនៅប្រទេសណាក៏កិច្ចអន្តរាគមន៍យ៉ាងដូច្នេះដែរ។

លោកសាស្ត្រាចារ្យបន្តថា រាជរដ្ឋាភិបាលមានសិទ្ធិលូកដៃអន្តរាគមន៍ ដែលរយៈពេលកន្លងមករាជរដ្ឋាភិបាល បានបណ្តែតបណ្តោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាអ្នកកំណត់ការប្រាក់ ហើយសារតែតម្រូវការប្រាក់កម្ចីច្រើនពេក ចំណែកការផ្គត់ផ្គង់មានកំណត់នោះ ទើបនាំឲ្យអត្រាការប្រាក់កើនឡើងខ្លាំង រហូតដល់ជាង៣០%ក្នុងមួយឆ្នាំ។

លោកបន្ថែមទៀតថា ដោយសារកន្លងមកអត្រាការប្រាក់ ក្នុងទីផ្សារមីក្រូហិរញ្ញវត្ថុមានកម្រិតខ្ពស់ បានធ្វើឲ្យអ្នកខ្ចីដែលទ័លខ្លាំង ចេះតែប្រថុយប្រថានខ្ចី រហូតលទ្ធផលធ្វើឲ្យពិបាកក្នុងការសងទៅវិញ ដែលខ្លះឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិជាដើម។ ដោយយល់ឃើញថា ប្រជាពលរដ្ឋមានការលំបាកច្រើន ជុំវិញអត្រាការប្រាក់ខ្ពស់នេះ ទើបសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យធនាគារជាតិ នៃកម្ពុជាសិក្សាដើម្បីកំណត់នូវចំនួនអត្រាការប្រាក់ ដ៏សមរម្យមួយ។

សាស្ត្រាចារ្យរូបនេះយល់ឃើញថា ការទម្លាក់អត្រាការប្រាក់ សម្រាប់មីក្រូហិរញ្ញវត្ថុនេះ ច្បាស់ជាធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ជួបបញ្ហាលំបាកនៅពេលដំបូង ដែលនឹងធ្វើឲ្យប្រាក់ចំណេញ របស់មីក្រូហិរញ្ញវត្ថុទាំងនោះធ្លាក់ចុះ ជាហេតុនាំឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវុត្ថុ មិនសូវសប្បាយចិត្ត នឹងការទម្លាក់អត្រាការប្រាក់នេះឡើយ ប៉ុន្តែកម្ពុជាជាប្រទេសដែលមានច្បាប់ ដូច្នេះត្រូវតែគោរពទៅតាមការកំណត់ របស់ស្ថាប័នដែលទទួលបន្ទុក។

យ៉ាងណា លោកសាស្ត្រចារ្យក៏បានបញ្ជាក់ថា មានមីក្រូហិរញ្ញវត្ថុចំនួនធំបានកំណត់អត្រាការប្រាក់ ទាបជាង១៨%ទៅទៀត ហើយពួកគេនៅតែធ្វើប្រតិបត្តិការ របស់ខ្លួនបានយ៉ាងល្អ ដូច្នេះលោកយល់ឃើញថា មុននឹងធនាគារជាតិ កំណត់អត្រាការប្រាក់១៨%នេះ គឺបានគិតគូរយ៉ាងល្អិតល្អន់ រួចអស់ហើយ។

លោកសាស្ត្រចារ្យបណ្ឌិត ចាប សុថារិទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះការកំណត់ អត្រាការប្រាក់មិនឲ្យលើស ពី១៨%នេះ។ នៅប្រទេសណាក៏គេធ្វើដូច្នេះដែរ គឺធនាគារជាតិគេចេញ គោលការណ៍ណែនាំមួយ ឲ្យស្ថាប័នដែលស្ថិតនៅក្រោមការទទួល ខុសត្រូវរបស់ខ្លួន ធ្វើតាម។ ប្រសិនបើមិនធ្វើតាម គេនឹងចាត់វិធានការ អាចនឹងបិទស្ថាប័ននោះចោល»

សូមជម្រាបថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាស ដាក់កំហឹតឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាទាំងអស់ កំណត់អត្រាការប្រាក់កម្ចី មិនឲ្យលើសពី១៨% ក្នុង១ឆ្នាំឬ១.៥%ក្នុង១ខែ។ ការកំណត់គោលការណ៍ថ្មីនេះ នឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧តទៅហើយ អនុវត្តន៍សម្រាប់តែអតិថិជន ដែលខ្ចីថ្មីប៉ុណ្ណោះ សម្រាប់អ្នកខ្ចីមុនថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ត្រូវអនុវត្តន៍គោលការណ៍ដូចមុនដដែរ។

ការកំណត់អត្រាការប្រាក់ថ្មីនេះ ត្រូវបានធនាគារនៃកម្ពុជា អះអាងថា ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រ, ទប់ស្កាត់ការជំពាក់បំណុលវ័ណ្ឌក, កាត់បន្ថយភាពក្រីក្រ, ការពារអតិថិជនពីការគិត ការប្រាក់អត្រាខ្ពស់ពេក និងជំរុញការប្រើប្រាស់ឥណទាន ឲ្យកាន់តែមានប្រសិទ្ធភាព៕