(ភ្នំពេញ)៖ ស្របពេលដែលបំណុលកខ្វក់របស់កម្ពុជា ជំពាក់មហាអំណាចអាមេរិក លើការទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា សម្លាប់ពលរដ្ឋខ្មែរជាង ៥០ម៉ឺននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានារបស់ខ្មែរ បានកើនឡើងដល់ ៦៦២លានដុល្លារនោះ នៅថ្ងៃទី១៤ ខែមីនានេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ អ្នកកាសែតជើងចាស់ និងជាអ្នកវិភាគដ៏ល្បីមួយរូបរបស់កម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសរងគ្រោះ រាជរដ្ឋាភិបាល និងគណបក្សប្រឆាំងគួរមានជំហររួមគ្នាដាច់ ខាតមិនសងបំណុលអាមេរិក លោកបានបញ្ជាក់ថា បើខ្មែរយល់ព្រមសងបំណុលឲ្យអាមេរិក គឺប្រជាជាតិខ្មែរទាំងមូលល្ងង់រកលេខដាក់គ្មាន។
អ្នកវិភាគដ៏ល្បី និងជានាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI ប្រចាំនៅកម្ពុជា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបង្ហាញខ្លឹមសារនៅលើ Facebook ផ្លូវការរបស់លោកនាល្ងាចថ្ងៃនេះយ៉ាងដូច្នេះថា៖
«មានរឿងរ៉ាវខ្លះដែលរាជរដ្ឋាភិបាល និងគណបក្សប្រឆាំងគួរតែត្រូវរ៉ូវគ្នា រួមមានជាអាទិ៍បញ្ហាបំណុលនៃរបបសាធារណរដ្ឋ លន់ នល់ ដែលអាមេរិកទាមទារឲ្យប្រទេសយើងសង...
១៖ អាមេរិកជាអ្នកបង្កាត់ភ្លើងសង្គ្រាមនៅ វៀតណាម នៅឡាវ និងនៅកម្ពុជា កាល សម័យហ្នឹង។ គឺជាការពិតប្រវត្តិសាស្ត្រមួយដែលអាមេរិក ខ្លួនឯងក៏មិនហ៊ានប្រកែកដែរ។
២៖ កម្ពុជាជាប្រទេសរងគ្រោះ។ រីឯរបបលន់ នល់ ខ្លួនឯងក៏ជាអ្នករងគ្រោះដែរ ដ្បិតត្រូវអាមេរិកបោកឲ្យធ្វើសង្គ្រាម បោកឲ្យខ្ចីលុយធ្វើសង្គ្រាមប្រឆាំងខ្មែរគ្នាឯង។
៣៖ ម្ល៉ោះហើយ យល់ព្រមសងបំណុលនេះ គឺដូចបង្ហាញប្រាប់អាមេរិកថា ប្រជាជាតិខ្មែរទាំងមូលល្ងង់រកលេខដាក់គ្មាន។
៤៖ រឿងបំណុលនេះ គួរធ្វើឲ្យខ្មែរគ្រប់គ្នា និងគ្រប់និន្នាការនយោបាយមានជំហររួមតែមួយ នោះគឺដាច់ខាតអត់សង...គឺជាអយុត្តិធម៌ដែល បរទេសធ្វើមកលើជាតិសាសន៍យើង...គឺជាអសិលធម៌ដែលបរទេសធ្វើមកលើប្រជាជាតិ យើង...»
សូមជំរាបថា លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ម្សិលមិញថា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ពិតជារងនូវភាពអយុត្តិធម៌ និងឈឺចាប់ខ្លាំងណាស់ ចំពោះបញ្ហាបំណុល ដែលជំពាក់អាមេរិក ដោយបំណុលនេះអាមេរិកចេះតែអះអាងថា កើនឡើងជាបន្តបន្ទាប់ ខណៈប្រជាជនកម្ពុជា ស្លាប់ដោយគ្រាប់បែកអាមេរិក ទម្លាក់លើដីខ្មែរ ចេះតែកើនឡើងផងដែរ។
លោក ហេង រតនា បានលើឡើងយ៉ាងដូច្នេះ បន្ទាប់សារព័ត៌មានបរទេសមួយឈ្មោះថា «The Sudney Morning Herald» បានចុះផ្សាយអត្ថបទមួយ ចំណងជើងថា «Fury in Cambodia as US asks to be paid back hundreds of millions in war debts» ដោយលើកឡើងថា បំណុលសង្គ្រាមដែលកម្ពុជា ជំពាក់អាមេរិកនៅសម័យ លន់ នល់ បានកើនឡើងពី២៧៤លានដុល្លារអាមេរិក មកដល់៦៦២លានដុល្លារអាមេរិកទៅហើយ។
អគ្គនាយក CMAC រូបនេះយល់ឃើញថា ការកើនឡើងបំណុលដល់៦៦២លានដុល្លារនេះ គឺជាការប្រាក់ ដែលពេលកន្លងមកកន្លងមកអ្នកការទូត អាចព្យាយាមប្រើតួរលេខមូលថា ប្រមាណ៥០០លាន ដែលតាមតួរលេខបានដល់កើន៦៦២លានដុល្លាអាមេរិកទៅហើយនេះ បើយោងតាមអ្នកស្រាវជ្រាវព័ត៌មានបរទេស។
លោក ហេង រតនា បានបញ្ជាក់ថា «បំណុលនេះ វាអយុតិ្តធម៌ និងជាការបន្ថែមការឈឺចាប់ សម្រាប់ប្រជាជនកម្ពុជា។... លុយជំពាក់អាមេរិក បានកើនពី២៧៤លាន ដល់៦៦២លានដុល្លាហើយ! គេបានកើនលុយ ចំណែកកម្ពុជាបានកើនស្លាប់មនុស្ស និងបង្កអសុវត្ថិភាព និងភាពភ័យខ្លាច ដល់ភាពសុខសាន្តនៃជីវភាព រស់នៅរបស់ប្រជាជន និងសង្គមជាតិ!»។
លោកយល់ឃើញថា បំណុលដែលអាមេរិកអះអាងថា កម្ពុជាជំពាក់ដ៏ច្រើនលានដុល្លារនេះ គឺការបន្ថែមការឈឺចាប់ចំពោះជនរងគ្រោះ និងអ្នកស្លាប់ ដោយសារគ្រាប់បែកទម្លាក់ដោយ ទ័ពអាកាសរបស់អាមេរិក ដែលគ្រាប់បែកទាំងនោះ ត្រូវបានប្រទះឃើញនៅលើទឹកដីខ្មែរ ជារៀងរាល់ថ្ងៃ។ លើសពីនេះ វាជារឿងអយុត្តិធម៌បំផុត ចំពោះកម្ពុជា ដែលអាមេរិកយកគ្រាប់បែកទម្លាក់ សម្រាប់ប្រជាជនកម្ពុជាហើយ មកទារលុយថ្លៃគ្រាប់បែក នោះទៀត ពិតជាអយុត្តិធម៌ខ្លាំងណាស់។ តើប្រជាពលរដ្ឋខ្មែរ អាចទទួលយកបានទេ ចំពោះបំណុលនេះ?៕