(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ បានលើកយកបញ្ហាគ្រឿងញៀននៅកម្ពុជា ទៅពិភាក្សាជាមួយភាគីចិន ដោយក្នុងនោះ លោកបានស្នើសុំជាជំនួយឧបករណ៍ត្រួតពិនិត្យគ្រឿងញៀន នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ តាមផ្លូវគោក ផ្លូវអាកាស ព្រមទាំងសម្ភារបរិក្ខាមួយចំនួនទៀត។
ជំនួបពិភាក្សានេះ ធ្វើឡើងជាមួយប្រតិភូ នៃក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Zheng Bai Gang អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងកិច្ចការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។
សម្ភារបរិក្ខាបច្ចេកទេស ដែលនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានស្នើទៅភាគីចិននោះ រួមមាន៖ ឧបករណ៍បចេ្ចកទេសត្រួតពិនិត្យ គ្រឿងញៀន តាមច្រកទ្វារអន្តរជាតិ តាមផ្លូវគោក និងផ្លូវអាកាស នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ, សម្ភារតេស្តត្រួតពិនិត្យរកសារធាតុញៀន, ការព្យាបាលមុខសញ្ញានៅក្នុងពន្ធនាគារ។
ក្រៅពីនេះ លោកបានស្នើសុំថ្នាំព្យាបាល ឧបករណ៍ប្រើប្រាស់សុខាភិបាលបរិក្ខាវិជ្ជសាស្រ្ត និងមធ្យោបាយសម្រាប់អ្នកញៀន គ្រឿងញៀន តាមសហគមន៍ ដោយប្រឹក្សាជាមួយមូលដ្ឋានសុខាភិបាលចំនួន ១៧៧កន្លែង មណ្ឌលសុខភាពរដ្ឋ-ឯកជនចំនួន ១១កន្លែង និងការសង់មណ្ឌលសម្រាប់អ្នកញៀនកម្រិតធ្ងន់ ស្នាក់នៅយូរ (មន្ទីរពេទ្យ សាលារៀនវិជ្ជាជីវៈ និងជួយរកការងារឲ្យធ្វើ) ព្រមជាមួយសម្ភារបណ្តុះបណ្តាលដល់ មន្រ្តីអនុវត្តច្បាប់ និងពង្រឹងកិច្ចសហការក្របខណ្ឌទន្លេមេគង្គ ផងដែរ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានប្រាប់មន្ត្រីក្រសួងសន្តិសុខសាធារណៈថា កម្ពុជាមានសមត្ថភាពបង្រ្កាបបទល្មើស គ្រឿងញៀន និងចាប់អ្នកជួញដូរគ្រឿងញៀនឆ្លងដែន ដូចជានៅតាមព្រលានយន្តហោះជាដើម ដែលប្រទេសមួយចំនួន មិនមានសមត្ថភាពចាប់បាននោះទេ ប៉ុន្តែទោះបីយ៉ាងណា កម្ពុជាមិនទាន់មានសម្ភារៈគ្រប់គ្រាន់
ដើម្បីត្រួតពិនិត្យឲ្យបានត្រឹមត្រូវនៅឡើយទេ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តថា ឈ្មួញគ្រឿងញៀនភាគច្រើន មកពីបណ្តាប្រទេសនៅជុំវិញកម្ពុជា ដូចជា ឡាវ ថៃ វៀតណាម មិនតែប៉ុណ្ណោះ មានឈ្មួញគ្រឿងញៀនមួយចំនួនធំ មកពីអាមេរិចខាងត្បួង អាព្រិក មានឈ្មួញគ្រឿងញៀនខ្លះ បានលេបថ្នាំញៀនចូលក្នុងពោះក៏មាន តាមរយៈបញ្ញើតាមយន្តហោះ និងប្រៃសណីយ៍។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន។
ដោយឡែក ក្នុងខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ៩២១ករណី ថយ២២៣ករណី ស្មើនឹង១៩.៤៩% (ធៀបនឹងខែមករា ឆ្នាំ២០១៧) ឃាត់ខ្លួនជនសង្ស័យ ២,០៥៣នាក់ ដកយកសារធាតុញៀនសរុប ៧,២៥១.២៨ក្រាម និងកញ្ឆា ៩៧,៤៧៨ដើមទៀត៕