(ពោធិ៍សាត់)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ មានខ្យល់កន្ត្រាក់ធំមួយ បានបោកបក់លើលំនៅឋានប្រជាពលរដ្ឋ និង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងវត្តអន្លង់រាប សរុប ៤៩ខ្នង នៅភូមិចំការជ្រៃខាងជើង និងភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។
នគរបាលស្រុកវាលវែង បានឲ្យដឹងថា ករណីគ្រោះធម្មជាតិនេះ បណ្ដាលខូចខាតលំនៅឋានសរុបចំនួន ៤៩ខ្នង រួមមាន៖ របើកហ្ស៊ីប្រូ ប៉ុស្តិ៍នគរបាលអន្លង់រាបថ្មី ១៥សន្លឹក, រលំខូចខាតទាំងស្រុង ប៉ុស្តិ៍នគរបាលអន្លង់រាបចាស់, របើកដំបូលកុដិ សាលាឆាន់ និងផ្ទះបាយ នៅវត្តអន្លង់រាប ៣ខ្នង, របើកដំបូលផ្ទះប្រជាពលរដ្ឋ នៅភូមិក្រាំងរងៀង ២២ខ្នង, របើកដំបូលផ្ទះប្រជាពលរដ្ឋ នៅភូមិចំការជ្រៃខាងជើង ២២ខ្នង។
សមត្ថកិច្ចបានបន្តថា តួលេខនេះ ជាតួលេខមិនទាន់ជាផ្លូវការនោះទេ អាចមានច្រើនជាងនេះ ហើយខ្យល់កន្ត្រាក់ ចាប់ផ្តើមបោកបក់ខ្លាំង អំឡុងម៉ោង២រសៀល នៅ២ភូមិ ក្នុងអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់៕