(ភ្នំពេញ)៖ ជាសារនយោបាយថ្មីមួយសម្រាប់ លោក កឹម សុខា មេដឹកនាំកំពូលថ្មីគណបក្សសង្រ្គោះជាតិ នៅពេលនេះ គឺការបង្គាប់ឱ្យមន្រ្តី និងសកម្មជនរបស់ខ្លួន ឈប់និយាយពីរឿងរបស់គណបក្សដទៃ ហើយចាប់ពីពេលនេះតទៅសកម្មជន និងគណបក្សត្រូវត្រៀមខ្លួន សម្រាប់ការបោះឆ្នោតចំនួន២ នៅពេលមុខ។
ថ្លែងក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអាទិភាព៥ចំណុច ដល់បេក្ខជនក្រុមប្រឹក្សាសង្កាត់មកពី១០៥ សង្កាត់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ លោក កឹម សុខា បានបញ្ជាក់យ៉ាងច្បាស់ថា ការបញ្ឈប់ការរិះគន់ ឬនិយាយអំពីអ្នកដទៃ គឺជាការបន្ថយជម្លោះ នៅក្នុងប្រទេសកម្ពុជា។
លោក កឹម សុខា បានលើកឡើងយ៉ាងដូច្នេះថា «បរិបទនយោបាយសព្វថ្ងៃនេះ ខ្ញុំសុំបងប្អូនមិនបាច់និយាយពីគេច្រើនពេកទេ គិតពីរឿងយើងវិញ រឿងគេមិនត្រឹមតែដឹងដោយប្រជាពលរដ្ឋ ក្នុងប្រទេសទេ ប៉ុន្តែពិភពលោកទាំងមូលគេដឹងអស់ហើយ នរណាជានរណា?»។ លោក កឹម សុខា បានបន្ថែមថា «យើងអត់ត្រូវការឈ្លោះទេ យើងត្រូវធ្វើដំណើរទៅមុខទៀត ដើម្បីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគាំទ្រចំពោះការប្រកាសរបស់ លោក កឹម សុខា ដែលជំរុញឱ្យមន្រ្តី និងសកម្មជន ឈប់និយាយរិះគន់ទៅកាន់គណបក្សដទៃ ហើយយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ខ្លួនឯង។ ប៉ុន្តែទោះជាយ៉ាងណាលោកថា គណបក្ស ប្រជាជនកម្ពុជា និងសាធារណជន នឹងតាមដានសកម្មភាព មន្រ្តី និងសកម្មជនបក្សប្រឆាំងថា តើធ្វើដូចទៅនឹងអ្វីដែលមេបក្សរបស់ពួកគេបាន ប្រកាសដែរឬទេ។
លោក សុខ ឥសាន បានថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះថា «ពាក្យសម្តីរបស់គាត់ យើងគ្រាន់តែជឿជាបណ្តោះអាសន្នសិនទេ ព្រោះយើង នៅតាមដានពិនិត្យលើសកម្មភាពរបស់គាត់ជាក់ស្តែងទៀត ថាតើស្របទៅតាមខ្លឹមសារដែលគាត់បាននិយាយដែរឬទេ?»។
ជាការកត់សម្គាល់ នេះជាលើកទី២ហើយ ដែលលោក កឹម សុខា បានអំពាវនាវបែបនេះ ដើម្បីឱ្យមន្រ្តី និងសកម្មជនគណបក្សសង្រ្គោះជាតិ បញ្ឈប់ការរិះគន់ វាយប្រហារដល់គណបក្សដទៃ។ កាលពីឆ្នាំ២០១៥ អតីតប្រធានគណបក្សសិទ្ធិមនុស្សនេះ ក៏បានអំពាវនាវឱ្យមន្រ្តី និងសកម្មជនឈប់វាយប្រហារ គណបក្សដទៃផងដែរ៕