(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីជួបជុំជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានព្រមានថា នឹងដកសមាជិកប្រឹក្សាឃុំសង្កាត់ណាដែលទទួលបានតួនាទីហើយ មិនបង់លុយចូលបក្ស។
លោក យឹម សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំជឿថាថ្នាក់ដឹកនាំឃុំសង្កាត់នៅរាជធានីភ្នំពេញ នឹងចាប់ដៃគ្នាធ្វើការ គោរពសេចក្តីសម្រេចរបស់ បក្ស របស់ក្រុម....ឲ្យបានត្រឹមត្រូវ ធ្វើសកម្មភាពបង់ថវិកា រាល់ភ្នាក់ងារនេះជាកាតព្វកិច្ចយើងត្រូវធ្វើបន្ត ហើយសូមកុំបានតួនាទី បានកៅអីហើយ ស្អីក៏មិនធ្វើ លុយក៏មិនបង់ ភ្នាក់ងារក៏រកមិនបាន ពួកយើងខ្ញុំរក្សាសិទ្ធិនៅក្នុងការពិនិត្យមើល បេក្ខភាពទាំងអស់នោះឡើងវិញ»។
លើសពីនោះលោក យឹម សុវណ្ណ បានទទួលស្គាល់ថា គណបក្សប្រឆាំង បានជួបផលវិបាក ក្នុងការរៀបចំបេក្ខជនសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅមូលដ្ឋានរាជធានីភ្នំពេញ។ លោក យឹម សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា «នៅរាជធានីភ្នំពេញនេះ ការរៀបចំបេក្ខជន គឺមានការលំបាកខ្លាំងមែនទែន ខ្ញុំទទួលស្គាល់ ខុសពីខេត្តដទៃ ពីព្រោះពីខេត្តមួយទៅខេត្តមួយ មានស្ថានភាព មានប្រវត្តិ ខុសៗគ្នា អញ្ចឹងហើយបានជា នៅរាជធានីភ្នំពេញនេះ មានការលំបាកបន្តិច»។
ថ្លែងព្រមានដកសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងទទួលស្គាល់បែបនេះពីសំណាក់លោក យឹម សុវណ្ណ បានធ្វើឡើង នៅក្នុងពិធីផ្សព្វផ្សាយគោល នយោបាយអាទិភាព ៥ចំណុច របស់គណបក្សសង្រ្គោះជាតិ ដល់បេក្ខជនក្រុមប្រឹក្សាសង្កាត់ របស់គណបក្ស មកពី១០៥ សង្កាត់ នៃរាជធានីភ្នំពេញ។ ពិធីនេះធ្វើឡើងនៅ ទីស្នាក់ការកណ្តាល គណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ៕