(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ បានយកអាវុធធុន រ៉េពីដេ (បង់ត្រឡោក) គ្មានបង់ គ្មានគ្រាប់ ឆេះស្វាយ ១ដើម ដែលគាត់បានប្រទះឃើញពេលទៅរកអុស កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចព្រៃម្តុំអូរធំ ស្ថិតក្នុងភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ មកប្រគល់ជូនកម្លាំង
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ ដើម្បីរក្សាទុកបន្ត ក្រោយទទួលបានការផ្សព្វផ្សាយទូលំទូលាយ ពាក់ព័ន្ធផ្លូវច្បាប់ និងគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព»។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ពលរដ្ឋដែលបានប្រគល់អាវុធធុន រ៉េពីដេ (បង់ត្រឡោក) គ្មានបង់ គ្មានគ្រាប់ ឆេះស្វាយ១ដើម មកឲ្យសមត្ថកិច្ចដោយ
ខ្លួនឯងនោះ មានឈ្មោះ ញឹម ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍បន្តថា កាលពីវេលាម៉ោង០៨៖៤០នាទីព្រឹកមិញនេះ ក៏មានប្រជាពលរដ្ឋឈ្មោះ ឃុត ឃួន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានប្រគល់គ្រាប់កាំភ្លើងធុន១២ក្បៀស ដែលគាត់បានប្រទះឃើញពេលទៅកាប់ដីគាស់ដំឡូងមី នៅចំណុចអូរលើ ចំនួន៥កេស ក្នុង១កេស ៨០គ្រាប់ មកប្រគល់ជូនកងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល ដើម្បីរក្សាទុកផងដែរ។
គួរបញ្ជាក់ថា ការដែលប្រជាពលរដ្ឋប្រគល់អាវុធ និងគ្រាប់កាំភ្លើងខាងលើនេះ ធ្វើឡើងក្រោយពីពួកគាត់បានយល់ច្បាស់អំពីច្បាប់ និងចូលរួមអនុវត្តន៍គោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ព្រោះថាការរក្សាទុកអាវុធជាតិផ្ទុះ គឺជាអំពើខុសច្បាប់ ប្រសិនបើសមត្ថកិច្ចរកឃើញ និងត្រូវទទួលទោសតាមផ្លូវច្បាប់៕