(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន បានទទួលជួប ពិភាក្សាការងារជាមួយលោកស្រី Megan Burke នាយកសហព័ន្ធប្រឆាំងនឹងគ្រាប់មីន និងគ្រាប់បែកចង្កោម មកពីសហរដ្ឋអាមេរិក (International Compaing to Ban Landmines and Cluster Munitions) នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ក្នុងគោលបំណងផ្លាស់ប្តូរ នូវព័ត៌ពាក់ព័ន្ធបច្ចុប្បន្នភាព វិស័យសកកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានស្នើឲ្យអ្នកស្រី Megan Burke ដែលជាមនុស្សមានឥទ្ធិលើវិស័យប្រឆាំងគ្រាប់មីន និងគ្រាប់់បែកចង្កោម ផ្តល់ជំនួយមនុស្សធម៌ដល់វិស័យដោះមីន នៅកម្ពុជាពេញដៃពេញជើង ដូចអាមេរិកជួយដល់ប្រទេសឡាវ។
លោកទេសរដ្ឋមន្រ្តីបានថ្លែងថា កម្ពុជាជាប្រទេស ដែលរងគ្រោះដោយសារគ្រាប់បែកចង្កោម និងអាវុធគីមីដែលបានទំលាក់ ដោយសហរដ្ឋអាមេរិក។ កម្ពុជាមានទស្សនវិស័យ ក្នុងការបោសសម្អាតតំបន់ ដែលរងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម និងគ្រាប់មីន ឲ្យអស់នៅត្រឹមឆ្នាំ២០២៥ ដែលកម្ពុជាត្រូវការថវិកា គាំទ្រពីសហគមន៍អន្តរជាតិ និងបណ្តាប្រទេសផ្តល់ជំនួយប្រមាណ ៤០៧លានដុល្លារ។
ទន្ទឹមនេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានស្នើដល់លោកស្រី Megan Burke ជួយស្នើសុំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក លុបបំណុលដែលកម្ពុជាជំពាក់ កាលពីសម័យសង្រ្គាមអំឡុង ឆ្នាំ១៩៧០-១៩៧៥ ព្រោះវាជាបំណុលឈាម ដែលអាមេរិកបាន ទម្លាក់គ្រាប់់បែក សម្លាប់ប្រជាជនខ្មែរជាងកន្លះលាននាក់។
លោកទេសរដ្ឋមន្រ្តី លើកឡើងពីបញ្ហាគ្រាប់មីន និងគ្រាប់បែកចង្រ្កោម ដែលសេសសល់ពីសម័យសង្រ្គាម ដែលបាននឹងកំពុងឆក់យក អាយុជីវិតប្រជាពលរដ្ឋ និងខូចខាតនូវទ្រព្យស្ទើររៀងរាល់ថ្ងៃ។
ជាកាឆ្លើយតប លោកស្រី Megan Burke សន្យានឹងជួយដល់កម្ពុជា ក្នុងការស្វែងរកជំនួយពីសហគមន៍អន្តរជាតិ និងបណ្តាប្រទេសផ្តល់ ជំនួយនានា ដែលលោកស្រីនឹងចូលរួម ក្នុងកិច្ចប្រជុំអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការ នៃការអនុវត្តការលុបបំបាត់គ្រាប់បែកចង្កោម នៅទីក្រុងបាងកក នាថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។
បើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ធ្លាប់បានបញ្ជាក់ថា ក្នុងសង្គ្រាមឥណ្ឌូចិនកម្ពុជា វៀតណាម ឡាវនេះ ប្រជាជនឡាវស្លាប់ដោយសារការទំលាក់គ្រាប់បែករបស់អាមេរិក មានចំនួនប្រមាណ២ម៉ឺននាក់។ រីឯកម្ពុជាត្រូវគ្រាប់ទំលាក់ចំស្លាប់ផ្ទាល់ មានចំនួនប្រមាណ៥០ម៉ឺននាក់។
អតីតប្រធានាធិបតីអាមេរិក អូប៉ាម៉ា នៅចុងឆ្នាំ២០១៦ បានប្រកាសផ្តល់ជំនួយជាង៩០លានដុល្លារ សំរាប់រយៈពេល៣ឆ្នាំ ២០១៧-២០១៩ ដើម្បីគាំទ្រការងារស្រាវជ្រាវ និងបោសសំអាតគ្រាប់បែកចង្កោម នៅក្នុងប្រទេសឡាវ ដែលអាមេរិកទំលាក់ ក្នុងសម័យសង្គ្រាមឥណ្ឌូចិន។ ដោយទទួលស្គាល់ថា នេះជាទង្វើរបស់អាមេរិក បង្កឡើងលើប្រជាជនឡាវ ហើយនេះកាតព្វកិច្ចខាងសីលធម៌ដែលអាមេរិក។ ប៉ុន្តែចំពោះកម្ពុជា អាមេរិកបែកជាគេចវេស មិនទទួលខុសត្រូវ។
អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕