(ប៉ៃលិន)៖ ចំណីអាហារខូចគុណភាព និងប្រើប្រាស់ជាតិគីមីផ្សេងៗ បានបង្កជាក្តីបារម្ភខ្លាំងសម្រាប់ប្រជាពលរដ្ឋ ព្រោះចំណីអាហារ ដែលខូចគុណភាព និងប្រើប្រាស់ជាតិគីមីនោះ បានក្លាយទៅឃាតកបំផ្លាញសុខភាព និងធ្វើឲ្យកើតជំងឺទាំងមិនដឹងខ្លួន។ ឆ្លើយតប ទៅនឹងកង្វល់របស់ប្រជាពលរដ្ឋលើសុវត្ថិភាពចំណីអាហារនេះ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម មានលោក ម៉ក់ ពេជ្ជរិទ្ធ ជាអគ្គនាយក បានដាក់ចេញផែនការយ៉ាងក្តៅគគុកឲ្យមន្រ្តីការិយាល័យកាំកុងត្រូលទាំង ២៥រាជធានី-ខេត្ត ចុះធ្វើសកម្មភាពដូចភ្លៀង រលឹមនៅតាមផ្សារនានា ដើម្បីពិនិត្យមើលគុណភាពទំនិញ។
មិនខុសពីបណ្តាមន្រ្តីកាំកុងត្រូលតាមបណ្តារាជធានី និងខេត្តដទៃនោះ មន្រ្តីការិយាល័យកាំកុងត្រូលខេត្តប៉ៃលិន ដែលមានលោក សាន វិជ្ជាសារ៉ាវុធ ជាប្រធាន ក៏ត្រូវបានគេមើលឃើញថា តែងបានធ្វើសកម្មភាពចុះទៅតាមផ្សារ និងតាមតូបលក់ដូរផ្សេងៗយ៉ាងសស្រាក់ សស្រាំ ដើម្បីពិនិត្យរកមើលទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងប្រើជាតិគីមីជាដើម។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការចុះត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួសកាលបរិច្ឆេទកំណត់ និងប្រើប្រាស់ជាតិគីមីនេះ គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ ដើម្បីទប់ស្កាត់ឲ្យ បានកាន់តែខ្ពស់ចំពោះការចរាចរណ៍ទំនិញខូច និងគ្មានគុណភាពលើទីផ្សារ ដែលនាំឲ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ។
លោក វិជ្ជាសារ៉ាវុធ បានឲ្យដឹងដែរថា ទំនិញដែលមន្រ្តីរបស់លោកតែងធ្វើសកម្មភាពពិនិត្យជាប្រចាំនោះ ដូចជាការពិនិត្យកាលបរិច្ឆេទ លើសំបកកញ្ចប់ កំប៉ុង ពិនិត្យលក្ខណៈកំប៉ុងកំប៉ិត ឬ ច្រេះ រួមទាំងពិនិត្យរកជាតិគីមីនៅលើត្រីសាច់ ក៏ដូចជាជ្រក់ជាដើម។
ប្រតិបត្តិការចុះស្វែងរកទំនិញខូចគុណភាព និងប្រើប្រាស់សារធាតុគីមីនេះ មិនត្រឹមតែប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ នោះទេដែលសាទរ និងរីករាយនោះ សូម្បីតែក្រុមអាជីវករ ក៏សម្តែងការរីករាយផងដែរ។ ក្រុមអាជីវករ បានហៅការសកម្មភាព របស់មន្រ្តីកាំកុងត្រូលជាការ ចូលរួមចំណែកដ៏ធំក្នុងការចរាចរណ៍ទំនិញខូចគុណភាព និងមានសារធាតុគីមី ហើយក៏បានជួយ ពួកគាត់ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ ព្រោះពួកគាត់ក៏មិនចង់ឲ្យទំនិញដែលពួកគាត់លក់បង្ក ផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់នោះឡើយ។
បើតាមលោក សាន វិជ្ជាសារ៉ាវុធ រាល់ទំនិញ ដែលពិនិត្យឃើញថា គ្មានគុណភាព ឬ ខូចគុណភាព នឹងត្រូវដកហូតយកទៅដុត កម្ទេចចោល តែមុននឹងដកហូតក៏មានការពន្យល់ទៅក្រុមអាជីវករផងដែរ ដើម្បីចៀសវាងការខឹងសម្បាពីអាជីវករ។
ការត្រួតពិនិត្យគុណភាពទំនិញនេះ មិនមែនធ្វើតែតាមទីផ្សារនោះទេ មន្រ្តីកាំកុងត្រូល ក៏តែងតែបានធ្វើការរឹតបន្តឹងត្រួតពិនិត្យ គុណភាពទំនិញ ដែលតែងនាំចេញចូលនៅតាមច្រកព្រំដែនផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វិជ្ជាសារ៉ាវុធ។
ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានទទូចទៅដល់អាជីវករ និងអ្នកប្រើប្រាស់ ត្រូវរួមគ្នាលុបបំបាត់ការលក់ និងប្រើប្រាស់ទំនិញ ខូចគុណភាព ឬទំនិញប្រើប្រាស់សារធាតុគីមី ព្រោះវាបានបង្ករផលប៉ះពាល់ខ្លាំងសម្រាប់សុខភាព និងធ្វើឲ្យប៉ះពាល់ដល់ជីវភាព រស់នៅប្រចាំថ្ងៃផងដែរ៕