(ភ្នំពេញ)៖ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថា គណបក្សប្រឆាំង បានជួបផលវិបាក ក្នុងការរៀបចំបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅមូលដ្ឋានរាជធានីភ្នំពេញ។
លោក យឹម សុវណ្ណ បានថ្លែងថា «នៅរាជធានីភ្នំពេញនេះ ការរៀបចំបេក្ខជន គឺមានការលំបាកខ្លាំងមែនទែន ខ្ញុំទទួលស្គាល់ ខុសពីខេត្តដទៃ ពីព្រោះពីខេត្តមួយទៅខេត្តមួយ មានស្ថានភាព មានប្រវត្តិខុសៗគ្នា អញ្ចឹងហើយបានជា នៅរាជធានីភ្នំពេញនេះ មានការលំបាកបន្តិច»។
លោក យឹម សុវណ្ណ បានទទួលស្គាល់បែបនេះ នៅក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអាទិភាព ៥ចំណុច របស់គណបក្សសង្រ្គោះជាតិ ដល់បេក្ខជនក្រុមប្រឹក្សាសង្កាត់ របស់គណបក្ស មកពី១០៥ សង្កាត់ នៃរាជធានីភ្នំពេញ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាល គណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។
លោក យឹម សុវណ្ណ បានបន្ថែមទៀតថា នៅរាជធានីភ្នំពេញនោះ ក៏មានអ្នកសប្បាយចិត្តច្រើន និងអ្នកមិនសប្បាយចិត្តច្រើន។ លោកថ្លែងថា អ្នកសប្បាយចិត្ត ដោយសារតែត្រូវបានបក្សជ្រើសរើសជាបេក្ខជន ប៉ុន្តែអ្នកដែលមិនសប្បាយចិត្តគឺអ្នកដែលបក្សត្រូវផ្លាស់ប្តូរ។ លោកបញ្ជាក់ថា «អ្នកបានសប្បាយចិត្ត បានច្រើនសប្បាយច្រើន ហើយអ្នកបាត់ក៏ក្រៀមក្រំ ហើយបញ្ហា នៅភ្នំពេញនេះ គឺបញ្ហាបាត់ច្រើន និងបានច្រើន»។
ទោះជាយ៉ាងណា ក្នុងនាមអ្នកទទួលខុសត្រូវ ចំពោះការរៀបចំបេក្ខជនឃុំ/សង្កាត់សម្រាប់រាជធានីភ្នំពេញនោះ លោកបានស្នើសុំអភ័យទោស ពីសកម្មជន ហើយជំរុញឱ្យពួកគេ យកគំរូតាម លោក សម រង្ស៊ី ដែលបានលះបង់ គណបក្សសង្រ្គោះជាតិ។ លោកថា «ខ្ញុំសូមអភ័យទោស ដែលខ្ញុំក្នុងនាមជាអ្នកទទួលខុសត្រូវ នៅភ្នំពេញយើង មិនអាចធ្វើឱ្យសមាជិក សមាជិការ ដែលជាបេក្ខជនបានសប្បាយចិត្តទាំងអស់គ្នា គឺខ្ញុំមិនអាចធ្វើឱ្យសប្បាយចិត្តទាំងអស់គ្នាបាន នេះជាកំហុសឆ្គង ដ៏ធំរបស់ខ្ញុំ ប៉ុន្តែអ្វីដែលយើងទាំងអស់គ្នាបានមោទនភាព គឺយើងបាត់ដើម្បីផលប្រយោជន៍ជាតិ បាត់ដើម្បី បង្រួបបង្រួមគណបក្សនៅទីក្រុងភ្នំពេញ ហើយបានក៏បាន ដើម្បីផលប្រយោជន៍ជាតិ បានដើម្បីបង្រួបបង្រួម នៅរាជធានីភ្នំពេញ ដូចគ្នាដែរ»។
លោកបានអះអាងថា បញ្ហានេះ គឺជាការលំបាករបស់លោក ហើយបានធ្វើឱ្យថ្នាក់លើឈឺក្បាលយ៉ាងខ្លាំង៕