(ភ្នំពេញ)៖ ​កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាផ្ទាល់ពីលោក យឹម​ សារ៉ាន់ អធិការនគរបាលខណ្ឌ ក្រោមការសម្របសម្រួលពីតុះណាងអយ្យការ បានចុះទៅបង្ក្រាប និងឆែកឆេរ ឃ្លាំងដ៏ធំមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ ក្រោយសង្ស័យថា មានស្តុក និងបញ្ចាំរថយន្ត និងម៉ូតូ ព្រមទាំងទ្រព្យសម្បត្តិផ្សេងៗទៀត។

មន្រ្តីនគរបាលមូលដ្ឋាន បានអោយដឹងថា ការឆែកឆេរនោះ បន្ទាប់ពីបានរកឃើញម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង ដែលចោរលួចយកទៅបញ្ចាំឲ្យម្ចាស់ខាងលើនៅ ឯផ្សារឃ្លាំងរំសេវ ក្រោយមកត្រូវបានម្ចាស់ឃ្លាំងនោះ​ យកទៅលាក់ទុកនៅក្នុងឃ្លាំង ខាងលើហើយត្រូវបានម្ចាស់ម៉ូតូរ៉ឺម៉កកង់បីនោះ តាមរកឃើញតាមរយៈប្រព័ន្ធតាមដានសុវត្ថិភាព GPS និងបានប្ដឹងនគរបាល ឲ្យជួយដកហូតយកទៅរក្សាទុកនៅប៉ុស្ដិ៍
ចោមចៅ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧។

នគរបាលបានឲ្យដឹងថា ម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងដែលបានរកឃើញ តាមប្រព័ន្ធតាមដាន GPS នោះ ម៉ាកbajaj (RE) ពណ៌ក្រហមអត់ស្លាកលេខ ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ាម្នាក់ ដែលបានជួលឲ្យបុរសម្នាក់ ដើម្បីរកស៊ីដឹកម៉ូយឬឥវាន់ ហើយបង់លុយប្រចាំខែ ឲ្យលោកឧកញ៉ារូបនោះ។

ប៉ុន្តែក្រោយពេលជួលយក ទៅរកស៊ីបានមួយរយៈពេល ដល់ពេលបង់លុយមិនឃើញទៅបង់ ហើយទាក់ទង់អត់បានទៀតនោះ ទើបមានការសង្ស័យ ឆែកមើលតាមប្រព័ន្ធតាមដាន GPS ទើបដឹងថាបាត់ហើយក៏បានតាមដាន រហូតរកឃើញ ម៉ូតូរ៉ឺម៉កកង់បីនោះ នៅក្នុងឃ្លាំងខាងលើ ហើយនៅវេលាល្ងាចថ្ងៃទី១៣ ខែមីនា ម្ចាស់បានប្ដឹងឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ជួយអន្តរាគមន៍។

ខណៈនោះផងដែរ នគរបាលក៏បានចុះទៅកាន់ទីតាំងឃ្លាំងខាងលើ ដើម្បីដកហូតយក ម៉ូតូរ៉ឺម៉កកង់បី ដែលបានរកឃើញនោះ ប្រគល់ទៅឲ្យម្ចាស់វិញ ប៉ុន្តែពេលនោះម្ចាស់ ឃ្លាំងអាងខ្នងមិនព្រមប្រគល់ឲ្យឡើយ កម្លាំងនគរបាលបានប្រចាំការនៅទីនោះ រហូតដល់វេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែមីនា ទើបម្ចាស់ឃ្លាំងបានយល់ព្រមប្រគល់ឲ្យ ហើយនគរបាលបានយកទៅដាក់នៅប៉ុស្ដិ៍ចោមចៅ។

លុះដល់វេលាម៉ោង១រសៀលថ្ងៃដដែល ទើបកម្លាំងខាងលើ ចុះទៅធ្វើការឆែកឆេរ ប៉ុន្តែម្ចាស់មិនសហការណ៍ទៀត រហូតមានការឯកភាព ពីលោកព្រះរាជអាជ្ញាររងសាលាដំបូងរាជធានីភ្នំពេញ កម្លាំងក៏បានសម្រេចកាត់សោរទ្វារឃ្លាំងនោះ ចូលហើយបានឃើញនៅក្នុងឃ្លាំងនោះ មានម៉ូតូកង់បីចំនួន៥គ្រឿង កន្ទុយរ៉ឺម៉ក១គ្រឿង និងរថយន្តចំនួន៤គ្រឿង។

ក្រោយការចុះព្រះរាជអាជ្ញា បានបញ្ជាឲ្យបិតឃ្លាំងនេះជាបណ្តោះអាសន្ន រង់ចាំចាត់ការបន្តទៀត ហើយសម្រាប់រថយន្ត និងម៉ូតូកង់៣វិញ ត្រូវបានដកហូតយករក្សាទុក ដើម្បីពិនិត្យបន្តទៀត៕