Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនសង្ស័យ៦នាក់ជិះម៉ូតូ០៣គ្រឿង ឆក់កាបូបដៃស្ត្រី​ម្នាក់បាន​សម្រេច នៅចំណុចផ្លូវ​១០១៩ ខណ្ឌសែនសុខ

14-03-2017 15:12

(ភ្នំពេញ)៖ ជនសង្ស័យចំនួន៦នាក់ ជិះម៉ូតូ០៣គ្រឿង បានឆក់កាបូបដៃស្ត្រីម្នាក់បានសម្រេច ខណៈជិះចេញពីទិញថ្នាំពេទ្យ នៅមុខផ្សារដីហ៊ុយ គោលបំណងត្រឡប់ទៅផ្ទះ នៅចំណុចផ្លូវ១០១៩ មុខធនាគាជាតិភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើនេះ ឈ្មោះ មិល សុខឿន អាយុ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិសែនសុខ០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សម្ភារៈបាត់បង់ក្នុងកាបូបនោះ មានលុយជាង៣០០ដុល្លារ លុយខ្មែរជាង៨ម៉ឺនរៀល ទូរស័ព្ទដៃ០៣គ្រឿង (ហួវៃ ទំនើប០២គ្រឿង) សម្ភារៈមួយចំនួនទៀត។

សមត្ថកិច្ចបានបន្តទៀតថា ម៉ូតូក្រុមជនសង្ស័យដែលជិះកៀប ឆក់កាបូប ទី១៖ ម៉ូតូ SUZUKI NEX ពណ៌ស មិនចាំស្លាកលេខ ទី២៖ ម៉ូតូឌ្រឹម សង់សេ១២៥ពណ៌ខ្មៅ មិនចាំលេខ និងទី៣៖ម៉ូតូធុនធំ មិនស្គាល់ម៉ាក។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់ជិះម៉ូតូមួយគ្រឿងម៉ាកAXELO ពណ៌ខ្មៅ ជាមួយពូអ្នករត់​ឌុបឈ្មោះ តឹក ថេរ អាយុ៥៦ ចេញពីទិញថ្នាំពេទ្យនៅមុចផ្សារដីហ៊ុយ គោលបំណងត្រឡប់ទៅផ្ទះ ដោយជិះតាមផ្លូវខាងលើ ក្នុងទិសដៅពីត្បូង ទៅជើងខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ០៦នាក់ ជិះម៉ូតូ០៣គ្រឿងមកកៀប និងធ្វើសកម្មភាពឆក់កាបូបកាន់នៅដៃ និងបានធាក់ម៉ូតូគាត់ឲ្យដួលដណ្តើម យកកាបូបគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុស្រ្តីរងគ្រោះខាងលើ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ដើម្បីស្វែងរកមុខសញ្ញាខាងលើ យកមកដាក់ទោស។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃដដែរនេះ ក៏ករណីឆក់កាបូបយួរដៃពីស្ត្រីម្នាក់ទៀតដូចគ្នា នៅចំណុចផ្លូវសហព័ន្ធរុស្សី មុខអាគារ​ពាណិជ្ជកម្មអ៊េតវូត ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្ករដោយជនសង្ស័យម្នាក់ ជិះម៉ូតូ SUZUKI NEX ពណ៌ស មិនចាំស្លាកលេខ ជនរងគ្រោះជិះរឺម៉កកង់បី ក្នុងទិសដៅពីកើតទៅលិច ឆក់បានសម្រេច ប៉ុន្តែមិនទាន់ឃើញ​មានជនរងគ្រោះ
មកដាក់ពាក្យបណ្តឹង​នៅឡើយ ៕