(ភ្នំពេញ)៖ ថ្នាក់ដឹកនាំស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ និងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ចូនពលករ ទៅបរទេស នៃក្រសួងការងារបានសហការជាមួយ មូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ(KOFIH) បានចុះពិនិត្យ និងព្យាបាល សុខភាពទូទៅ, ពិនិត្យបេះដូង, ថតX-Ray ដោយឥតគិតថ្លៃ ជូនបងប្អូនពលករ-ពលការិនី បានចំនួន១៦៨នាក់ នៅទីក្រុងអឺយចុងប៊ូ ខេត្តខ្យងគី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧។

បន្ថែមពីលើនេះ ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ នឹងសហការ ជាមួយមូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ (KOFIH) បន្ដយុទ្ធនាការចុះពិនិត្យ និង ព្យាបាលសុខភាពដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតំបន់ឆ្ងាយ រៀងរាល់ពីរខែម្ដង។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងសេអ៊ូល ឬខេត្ត(តំបន់)នៅក្បែរទីក្រុងសេអ៊ូល ស្ថានឯកអគ្គរាជទូត បានចុះកិច្ច សហការជាមួយនឹងសមាគមគ្រូពេទ្យទីក្រុសេអ៊ូល ទទួលពិនិត្យ និងព្យាបាលជូនដោយឥតគិតថ្លៃ ឬក្នុង តម្លៃទាបក្នុង ករណីជំងឺធ្ងន់ធ្ងរ នៅមជ្ឈមណ្ឌល របស់សមាគមផ្ទាល់នាទីក្រុងសេអ៊ូល។

ការចុះសួរសុខទុក្ខ និងត្រួតពិនិត្យសុខភាពនាពេលនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់សុខមាលភាព ឆ្លើយតប នឹងសំណូមពរ ក៏ដូចជាការការពារទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មាន តម្លៃរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ, ធ្វើការ, និងសិក្សា នៅសាធារណរដ្ឋកូរ៉េ។

ជាការកត់សំគាល់ ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ បានបន្ដបំពេញតួនាទីភារកិច្ចឱ្យអស់ពីលទ្ធភាព ដើម្បីផ្ដល់សេវាសាធារណៈ នានា និងគាំពារប្រយោជន៍ ជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ, សិក្សា, ធ្វើការនៅសាធារណរដ្ឋកូរ៉េ ដោយមិនប្រកាន់និន្នាការនយោបាយ៕