(កំពង់ស្ពឺ)៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានថ្លែងថា ក្រសួងមហាផ្ទៃកំពុងពិនិត្យក្នុងការផ្តល់សុពលភាព និងភាព ស្របច្បាប់ជូនគណបក្សសង្រ្គោះជាតិ (CNRP) ដែលទើបនឹងផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី តែមានលក្ខខណ្ឌមួយចំនួនអាចនាំឲ្យពិបាក ក្នុងការទទួលស្គាល់ និង ផ្តល់សុពលភាពដល់គណបក្សប្រឆាំងមួយនេះ។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សម្តេចនឹងឆ្លើយតបជាលាយលក្ខណ៍អក្សរទៅគណបក្សសង្រ្គោះជាតិវិញ នៅពេលសិក្សាគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់សុពលភាព និង ភាពស្របច្បាប់ជូនបក្ស បន្ទាប់ពីគណបក្សមួយនេះជ្រើសរើសថ្នាក់ដឹកនាំបក្សថ្មី។

បើទោះបីជាយ៉ាងណា មានលក្ខខណ្ឌមួយចំនួន ដែលអាចនឹងបង្កការលំបាកក្នុងការផ្តល់សុពលភាព ឬ ទទួលស្គាល់ការកែប្រែថ្មីរបស់ គណបក្សសង្រ្គោះជាតិ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចក្រឡាហោម ស ខេង។

បើតាមសម្តេចក្រឡាហោម ស ខេង មូលហេតុដែលនាំឲ្យលំបាកក្នុងការផ្តល់សុពលភាពជូនគណបក្សសង្រ្គោះជាតិនោះ ដោយសារតែការផ្លាស់ប្តូរតំណែងប្រធានគណបក្សប្រឆាំងតែម្តង។ សម្តេច ស ខេង បានលើកឡើងថា តាមលក្ខន្តិកៈគណបក្សសង្រ្គោះជាតិការផ្លាស់ប្តូរមេដឹកនាំបក្ស គឺត្រូវធ្វើនៅពេលអវត្តមានប្រធានចាស់យ៉ាងតិច ១៨ខែ តែបក្សនេះបែរជាធ្វើសមាជជ្រើសរើសប្រធានបក្សថ្មីនៅពេល អវត្តមានប្រធានចាស់ត្រឹមតែជាងពីរខែប៉ុណ្ណោះ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់បែបនេះ «តាមដឹងលក្ខន្តិកៈរបស់គាត់ (CNRP) មុន កាលណាអវត្តមានប្រធានចាស់មិនដល់ ១៨ខែ គឺកន្លែងហ្នឹងគេទុកទំនេរ។ ប៉ុន្តែឥឡូវនេះ នៅសល់តែ ២ខែ ៣ខែ កាលធ្វើសមាជហ្នឹង ២ខែជាង មិនមែនដល់ ១៨ខែឯណា ហេតុអ្វីគាត់ចាំបាច់រើសប្រធាន។ អាហ្នឹងក្រែងគាត់មិនបានគោរពលក្ខខណ្ឌគាត់ តែខ្ញុំគ្រាន់តែស្មានទេ ដល់តែយកឯកសារមកមើល។ តែបើអ៊ីចឹងមែនពិបាកនឹងទទួលស្គាល់»

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ បានបើកសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី ដោយមានលោក កឹម សុខា ជាប្រធាន អមដោយអនុប្រធាន ៣រូបរួមមាន លោក អេង ឆៃអ៊ាង លោក ប៉ុល ហំម និង លោកស្រី មូរ សុខហួរ។ សមាជជ្រើសរើសក្បាលម៉ាស៊ីនថ្មីនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានលាលែងពីតំណែងជាប្រធានបក្ស។

សមាសភាពថ្នាក់ដឹកនាំថ្មីរបស់គណបក្សសង្រ្គោះជាតិ តាមរយៈធ្វើសមាជនេះ មិនទាន់ទទួលបានភាពស្របច្បាប់ពេញលេញនៅឡើយ ទេ គឺនៅរង់ចាំការប្រកាសទទួលស្គាល់ពីក្រសួងមហាផ្ទៃជាមុនសិន។

ប្រសិនបើព្រោះតែការធ្វើខុសលក្ខន្តិកៈបក្ស នាំឲ្យក្រសួងមហាផ្ទៃមិនអាចផ្តល់សុពលភាព ឬ ភាពស្របច្បាប់ជូនដូចដែលសម្តេចក្រឡា ហោម ស ខេង បានលើកឡើងមែននោះ គណបក្សសង្រ្គោះជាតិ នឹងប្រឈមផលលំបាកជាច្រើនក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងធ្វើឡើងនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ប្រសិនបើគណបក្សនយោបាយណាមួយ ដែលគ្មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃទេនោះ គឺមិនអាចចូលរួមការបោះឆ្នោតបាននោះឡើយ។

ទោះបីជាយ៉ាងណាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់គណបក្សសង្រ្គោះជាតិ សម្រាប់ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រួចរាល់ហើយ៕