(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរំលឹកឲ្យសមាជិកគ្រួសារ ដែលមានកូនចៅមានអាយុ ចន្លោះពី១៥ឆ្នាំ ដល់៤០ឆ្នាំ នៅឲ្យឆ្ងាយពីអ្នកញៀនថ្នាំ។ សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសសមាជិកគ្រួសារនីមួយៗ ត្រូវការពារខ្លួន កុំចង់សាកល្បង គ្រឿងញៀន ដែលនាំឱ្យមានគ្រោះថ្នាក់ និងបាត់បង់អនាគត។

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវយ៉ាងដូច្នេះ ខណៈសម្តេចចូលរួម នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិ លេខ៥១ ប្រវែង៣៧.៩៥គ.ម​ ​នៅ​ក្នុងភូមិ​ថ្មគោល ឃុំ​សំបួរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។

សម្តេច ស ខេង បានស្នើយ៉ាងដូច្នេះថា «សូមឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រឲ្យបានច្រើន តាមរយៈការការពារកូនចៅ របស់យើង កុំឲ្យទៅ សេពគប់ អ្នកញៀនគ្រឿងញៀន ដាក់ខ្លួនឲ្យនៅឲ្យឆ្ងាយ»

លោកបានបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើយុទ្ធនាការ ដើម្បីបង្រ្កាបបទល្មើស គ្រឿងញៀន ខុសច្បាប់នេះ ហើយក្នុងនឹងក៏មានវិធានការផ្សេងៗទៀតៗ ដូចជា វិធានការស្តារសម្បទា អ្នកញៀនគ្រឿងញៀន មិនមែនគិតគូរតែចាប់ និងចងទេ អាចាប់និងចង គឺយើងគិតគូរហើយ ពីព្រោះជាការអនុវត្តច្បាប់តែ ទន្ទឹមនឹងនោះយើងក៏គិត ពីអ្នកដែលបានញៀនហើយ និងកំពុងញៀន នេះជាបន្ទុករបស់រាជរដ្ឋាភិបាល ដែលត្រូវតែគិត»

សម្តេច ស ខេង បានបន្ថែមថា «គ្រឿងញៀន ជាបញ្ហាដ៏គ្រោះថ្នាក់ណាស់ ហើយដែលយើងដឹងទាំងអស់គ្នាថា នៅលើសកលលោក មិនមានកន្លែងណាមួយ ដែលផលិត បានថ្នាំបន្សាបគ្រឿងញៀនឲ្យមានប្រសិទ្ធភាព​ បាននៅឡើយទេហើយ រហូតធ្វើឲ្យមនុស្សជាសះស្បើយ ១០០ភាគរយបានទេ នៅលើសាកលលោកនេះ»

សម្តេចបានបន្ថែមទៀតថា «បទល្មើសប្រឆាំងគ្រឿងញៀនខុសច្បាប់ ម៉េចបានគេប្រើ ពាក្យថា គ្រឿងញៀនខុសច្បាប់ វាមានគ្រឿងញៀនខ្លះ ត្រូវច្បាប់ ដោយសារថា សារធាតុញៀនមួយចំនួនគេយកទៅធ្វើថ្នាំ អញ្ចឹងហើយគេអនុញ្ញាតឲ្យប្រើថ្នាំញៀនហ្នឹង ដើម្បីធ្វើថ្នាំប៉ុន្តែ ដល់អ្នកដែលលោភលន់ និងគំនិតមិនល្អវាមិនមែនយកទៅ ធ្វើថ្នាំទេ តែយកទៅធ្វើពាណិជ្ជកម្មលក់ដូរ យកចំណេញហើយ នៅពេលយើងប្រើ ទៅជាពិសេស ស្រទាប់យុវជនធ្វើឲ្យបំផ្លាញ ដល់ធនធានមនុស្ស បំផ្លាញសរសៃរប្រសាទជាដើម»