(កំពង់ធំ)៖ ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំកុងត្រូល នៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ និងតាមមាត់ច្រកនៅតាមព្រំដែន ដើម្បីចូលរួមចំណែកការពារសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋ។
ជាក់ស្តែង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យទីផ្សារកំពង់ថ្ម ស្ថិតនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីពិនិត្យគុណភាព លើផលិតផល ម្ហូបអាហារ ផលិតផលកំប៉ុង និងដបដែលកំពុងដាក់តាំងលក់នៅផ្សារកំពង់ថ្ម។
មន្រ្តីកាំកុងត្រូល បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យដោយប្រើឧបករណ៍តេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូប និងបានរកឃើញផលិតផលមួយចំនួនខូចគុណភាព រួមមាន៖ ចាហួយដូង ម៉ាក Thanh Binh ចំនួន១៦កញ្ចប់ បូក២កេះ មីកំប៉ុងម៉ាម៉ា ២១កំប៉ុង ផលិតនៅថៃ ផ្សិតកំប៉ុង ចំនួន៦កំប៉ុង ផលិតនៅថៃ ស្ពៃកំប៉ុង២៦កំប៉ុង ផលិតនៅថៃ ទឹកក្រូច នំ ស្ករគ្រាប់ជាច្រើនប្រភេទ នំប័ងម៉ាកនីណាម៉ាស់ ចំនួន២១កញ្ចប់ ជាមួយក្រុមការងារក៏បានធ្វើតេស្តទៅលើសរសៃគុយទាវ ទម្ងន់១គីឡូក្រាម ឃើញមានសារធាតុ បូរ៉ាក់ផងដែរ។
មន្រ្តីជំនាញកាំកុងត្រូលបានបន្តថា ក្រោយពីរកឃើញសរសៃគុយទាវ ចំនួន១គីឡូក្រាម មានសារធាតុបូរ៉ាក់រួចមក មន្រ្តីកាំកុងត្រូល ក៏បានចុះទៅដល់ទីតាំងសិប្បកម្មផលិតសរសៃគុយទាវ ដែលម្ចាស់ទីតាំងឈ្មោះ ឯក ឆុន មានចម្ងាយ ៥០០ម៉ែត្រ ពីផ្សារកំពង់ថ្ម ហើយបានរកឃើញបន្ទះសរសៃ ចំនួន២៩គីឡូក្រាមទៀត មានសារធាតុគីមីហាមឃាត់ ហើយក៏បានធ្វើ កំណត់ហេតុដកហូត ដើម្បីទុកយកទៅដុកកំទេចចោល និងបានធ្វើកិច្ចសន្យា ផ្អាកអាជីវកម្មមួយរយៈផងដែរ។
មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យមើល លើផលិតផលកំប៉ុង ដប និងផលិតផលវិចខ្ចប់ ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះ និងផ្សារទំនើបមួយចំនួនរួចមក ជាលទ្ធផលរកពុំឃើញផលិតផល អាហារសម្រាប់ទារក និងកុមារតូច PC Organic Brand ដែលមានសក្តានុពល អំណោយផលដល់ការលូត លាស់បាក់តេរី Clostridum Botulimum ធ្វើចរាចរនៅផ្សារខាងលើនោះទេ។
ក្រុមការងារក៏បានចែកផ្សាយរូបភាព Poster ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលការបរិភោគអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។
ទន្ទឹមគ្នានោះ ក្រុមការងារក៏បានថ្លែងសរសើរ និងអរគុណដល់បងប្អូនអាជីវករមួយចំនួន ដែលបានធ្វើកិច្ច សហការល្អ និងដោយរីករាយជាមួយក្រុមការងារ និងបានយល់ដឹងយ៉ាងច្បាស់ អំពីផលប៉ះពាល់បណ្តាល មកពីផលិតផលខូចគុណភាព ដោយបានស្ម័គ្រប្រគល់ផលិតផលខូចគុណភាពទាំងនោះ ដល់ក្រុមការងារយក ទៅកម្ទិចចោល៕