(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវយ៉ាងទទូចឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ គោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយចំនួនមនុស្សស្លាប់ ទូទាំងប្រទេស ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវសាធារណៈ។

សម្តេច ស ខេង បានអំពាវនាវយ៉ាងដូច្នេះ ខណៈសម្តេចចូលរួម​នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិ លេខ៥១ ប្រវែង៣៧.៩៥គ.ម នៅក្នុងភូមិថ្មគោល ឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។

សម្តេចក្រឡាហោម បានបញ្ជាក់ឲ្យដឹងថា «ការអនុវត្តច្បាប់ចរាចរណ៍មិនទាន់ល្អទេ មិនទាន់បានទូទៅ ប្រជាពលរដ្ឋ ប្រើប្រាស់ផ្លូវ នៅមិនទាន់បានគោរពច្បាប់ចរាចរណ៍ លើដងផ្លូវនៅឡើយ ចឹងហើយខ្ញុំសូមអំពាវនាវថា យើងទាំងអស់គ្នា និយាយរួមអ្នកប្រើប្រាស់ផ្លូវ ទាំងអ្នកបើកបរឡាន ម៉ូតូ ឡានតូច ឡានធំ ឡានដឹកជញ្ចូន រួមទាំងអ្នកធ្វើដំណើរដោយថ្មើជើង ឬតាមកង់ ឬក៏បងប្អូនប្រជាពលរដ្ឋ មានទីលំនៅ ជាប់នៅដងផ្លូវ។ ចឹងទាំងអស់គ្នា ត្រូវគោរពច្បាប់»

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្ថែមថា ក្រសួងមហាផ្ទៃ បានខិតខំបំពេញការងារ ដោយមានរៀបចំវេទិកាតុមូល តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត តាមរយៈ ក្រុមការងារចុះជួយតាមមូលដ្ឋាន ទាំងក្រុមគណបក្សប្រជាជនផង ក្រុមការងារាជរដ្ឋាភិបាលផង ទាំងអាជ្ញាធរ សមត្ថកិច្ចដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចទាំងអស់ បានខិតខំធ្វើការផ្សព្វផ្សាយ ដើម្បីទាំងអស់គ្នា បានយល់បានដឹង និងចូលរួមគាំទ្រ អនុវត្ត។ ដូចនេះ មានតែធ្វើបែបនេះទេ ទើបទទួលបានជោគជ័យ មិនមែនតែអាជ្ញាធរ សមត្ថកិច្ច ធ្វើតែប៉ុណ្នឹងទេ គឺយើងទាំងអស់គ្នា ត្រូវចូលរួមផងដែរឲ្យបានគ្រប់ៗគ្នា គោរពច្បាប់ទាំងអស់គ្នា។ នេះជាការអំពាវនាវដ៏ទទូច ដើម្បីជីវិតរបស់យើងដើម្បីចូលរួម ចំណែកការពារគ្រួសាររបស់យើង និងសង្គមរបស់យើង។

សម្តេចក្រឡាហោម ស ខេង បានផ្តាំផ្ញើថា «បើយើងរួមគ្នាកាត់បន្ថយចំនួនមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានច្រើន និងអ្នករបួសបានច្រើន គឺចំណេញណាស់ សម្រាប់ការថែរក្សាធនធានមនុស្សរបស់យើង»

សម្តេចក្រឡាហោម បានរំលឹកឲ្យដឹងថា កម្ពុជាមានមោទនភាព ដោយសារក្នុងរយៈពេល១ឆ្នាំដែលក្រសួងមហាផ្ទៃ បាន ធ្វើការបូកសរុប និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទទួលបានជោគជ័យ ដោយបានកាត់បន្ថយមនុស្សស្លាប់ និងអ្នករបួសច្រើន និងបានទទួលរង្វាន់ពីប្រទេសមួយនៅក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស ចាត់ទុកថា ប្រទេសកម្ពុជា ទទួលបានជោគជ័យ ដោយបានកាត់បន្ថយមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានច្រើន។

បើប្រៀបធៀបឆ្នាំ២០១៥ ទៅនឹងឆ្នាំ២០១៦ គឺគ្រោះថ្នាក់ចរាចរណ៍កាត់បន្ថយបាន១៥ភាគរយ ប៉ុន្តែនៅដើមឆ្នាំ២០១៧នេះ ស្ថានភាពហាក់ដូចជា មានពេលខ្លះក៏ល្អ ពេលខ្លះមិនសូវល្អ ថ្ងៃខ្លះឈានដល់មាន អ្នកគ្រោះថ្នាក់ច្រើន ថ្ងៃខ្លះគ្រោះថ្នាក់ មាន អ្នកស្លាប់ម្នាក់ ថ្ងៃខ្លះមានអ្នកស្លាប់ រហូតដល់១២នាក់។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ខែកុម្ភៈ ឆ្នាំ២០១៧នេះ (រយៈពេល២៦ថ្ងៃ) បានកើតឡើងចំនួន ២៥៥លើក បណ្តាលឲ្យ ស្លាប់១២៥នាក់ និងរបួស៣៨៣នាក់។ គ្រោះថ្នាក់ចរាចរណ៍ បើប្រៀបធៀបរយៈពេលដូចគ្នានៃខែមករា (ខែមុន) ឆ្នាំ២០១៧ គ្រោះថ្នាក់ថយចុះចំនួន៤៤លើក ស្មើ១៥% ស្លាប់ថយចំនួន២២នាក់ ស្មើ១៥% និងអ្នករបួសថយចំនួន ៨៥នាក់ ស្មើ២២%។ ប្រៀបធៀបរយៈពេលដូចគ្នា នៃខែមករា (ឆ្នាំមុន) ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចំនួន ៦៧លើក ស្មើ២១% ស្លាប់ ថយ៣២នាក់ ស្មើ២០% និងរបួសថយចំនួន១២៣នាក់ ស្មើ៣២%៕