(បាត់ដំបង)៖ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈធនាគារជាតិ បានសម្រេចទម្លាក់អត្រាការប្រាក់ឥណទាន (កម្ចី) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ នៅកម្ពុជា ពីជាង៣០%ក្នុងមួយឆ្នាំ មកនៅត្រឹម១៨% ប៉ុណ្ណោះក្នុង១ឆ្នាំ ប្រជាពលរដ្ឋ និង ប្រជាកសិករនៅខេត្តបាត់ដំបងជាច្រើននាក់ បានសម្តែងការសាទរ និងរីករាយ ហើយក៏សម្តែងការធូរចិត្តជាងមុនផងដែរ។
ប្រជាកសិករខេត្តបាត់ដំបង លោកស្រី រិទ្ធ បានប្រាប់ឲ្យដឹងថា គាត់ពិតជាសប្បាយចិត្តណាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យធនាគារ និងគ្រឹះស្ថានមីក្រូមហិរញ្ញាវត្ថុនៅទូទាំងប្រទេស បញ្ចុះតម្លៃការប្រាក់ច្រើនបំផុត១៨ភាគរយ។ ការបញ្ចុះអាត្រាការប្រាក់នេះ គឺជារឿងដែលល្អណាស់ សម្រាប់គាត់ និងប្រជាពលរដ្ឋជាច្រើនទៀត ដែលមានជាប់បំណុល នៅតាមធនាគារ និងមីក្រូហិរញ្ញាវត្ថុ។
ប្រជាកសិករខេត្តបាត់ដំបូងរូបនេះបន្ថែមថា «ខ្ញុំខ្ចីលុយមកប្រើប្រាស់ក្នុងគ្រួសារ គឺទិញម៉ូតូដើម្បីឲ្យប្តីខ្ញុំ បានជិះទៅធ្វើការ សំណង់ ជារៀងរាល់ថ្ងៃ។ គាត់ជាមេជាងសំណង់ ត្រូវទៅធ្វើការងារ នៅគ្រប់ទីកន្លែង តែអត់មានលុយទាំងដុលទៅទិញទេ ចឹងមានតែខ្ចីលុយពីមីក្រូហិរញ្ញាវត្ថុ ដើម្បីយកលុយ មកទិញ អាត្រាការថ្លៃណាស់ គឺ១ខែជាង២ភាគរយ។ រាល់ថ្ងៃធ្វើការ បានលុយយកមកទុកសងលុយគេវិញ ហើយសល់ខ្លះយកមកឲ្យកូនរៀន តែអាលូវមានការបញ្ចុះការប្រាក់ ចឹងពេលយកលើកក្រោយទៀត នឹងប្រសើរជាងមុន ទោះមិនអាចជៀសបានថាមិនខ្ចី តែក៏គ្រាន់ដែរ បើការប្រាក់នៅតិចជាងមុន»។
លោកស្រី ណែត ជាស្រ្តីមេផ្ទះរស់នៅខេត្តបាត់ដំបងដូចគ្នា បានប្រាប់ឲ្យដឹងថា លោកស្រី ហាក់ដូចជាធូរចិត្តជាងមុន ពេលលឺថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យធនាគារ និងគ្រឹះស្ថានមីក្រូមហិរញ្ញាវត្ថុនៅទូទាំងប្រទេស បញ្ចុះតម្លៃការប្រាក់ច្រើនបំផុត១៨ភាគរយ ដោយសារថា នៅខែក្រោយនេះ លោកស្រី ត្រូវដាក់ពាក្យខ្ចីលុយបន្ថែមទៀត ដើម្បីយកមកសាងសង់ផ្ទះសម្បែងឲ្យមានស្ថានភាពល្អជាងមុន។ បើមានការចុះមែន លោកស្រី ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ពីព្រោះអាចជួយឲ្យការសងត្រលប់ទៅវិញ មានភាពល្អប្រសើរជាងមុនច្រើន។
លោកស្រី ណែត បានបញ្ជាក់ថា «កន្លងមកខ្ញុំខ្ចីលុយពីមីក្រូហិរញ្ញាវត្ថុរហូត ខ្ចីសង ខ្ចីសង ហើយអាត្រាការប្រាក់ជាង២ភាគរយ ថ្លៃណាស់តែ មិនដឹងធ្វើម៉េច ដោយសារចាំបាច់ត្រូវខ្ចីទៅហើយ ពេលខ្លះខ្ចីមកបង់ថ្លៃសាលាឲ្យកូន ពេលខ្លះទិញម៉ូតូថ្មី១យកមកដឹកឥវ៉ាន់លក់ដូរ ពេលខ្លះយក មកជួសជុលផ្ទះចាស់ខ្លាំង។ អាលូវខ្ញុំដូចជា ធូរចិត្តជាងមុនហើយ ការប្រាក់ថោកជាងមុន ចឹងសងវិញក៏មិនជាច្រើនដែរ អាចរត់រួច បើឲ្យខ្ញុំយក លុយទាំងពាន់ តាំងពាន់ទៅទិញ និងប្រើប្រាស់ធ្វើអ្វីមួយគឺមិនអាចទៅរួចទេ ចឹងមានតែខ្ចីគេបានបាន»។
ស្រ្តីមេផ្ទះរស់នៅខេត្តបាត់ដំបងរូបនេះ បានបញ្ជាក់ថា គ្មាននរណាម្នាក់ចង់មានបំណុលនោះទេ ប៉ុន្តែជាការចាំបាច់ ក្នុងគ្រួសារ ហើយលោកស្រី និងស្វាមីព្រមទាំងកូន ចង់អភិវឌ្ឃន៍ជីវភាពគ្រួសារឲ្យប្រសើរជាងមុន។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈធនាគារជាតិ បានសម្រេច ទម្លាក់អត្រាការប្រាក់ ឥណទាន (កម្ចី) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីជាង៣០%ក្នុងមួយឆ្នាំមកនៅត្រឹម១៨%ប៉ុណ្ណោះក្នុង១ឆ្នាំ នេះបើតាមប្រកាសរបស់ធនាគារជាតិ នៃកម្ពុជាធនគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការទម្លាក់ការប្រាក់ឥណទានមកកម្រិត១៨% ក្នុងមួយឆ្នាំ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ តទៅជាកំហិត។
ការកំណត់អត្រាការប្រាក់ខ្ពស់បំផុត១៨% ក្នុងមួយឆ្នាំនេះ ដើម្បីរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុង ការការពារផលប្រយោជន៍ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារ អតិថិជន ពីការគិតការប្រាក់អត្រាខ្ពស់ពេក ពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ឥណទានឲ្យកាន់តែមាន ប្រសិទ្ធិភាព តាមរយៈការផ្ដល់ឥណទានពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន៕