(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងអស់ ព្រមទាំងលោក លោកស្រី ជាមន្ត្រីរាជការ ក្នុងខណ្ឌឫស្សីកែវ ឲ្យចូលរួមឧបត្ថម្ភដល់កងទ័ពការពារព្រំដែនខេត្តព្រះវិហារ ដែលនៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ ខាងមុខនេះ រដ្ឋបាលខណ្ឌឫស្សីកែវ និងដឹកនាំប្រតិភូនាំយកអំណោយទៅឧបត្ថម្ភ និងសួរសុខទុក្ខគ្រួសារកងទ័ព ព្រមទាំងកងទ័ពវរៈសេនាតូចលេខ៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលមានទីតាំងឈរជើងនៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ មានចំនួន១៣១គ្រួសារ និងកងទ័ពចំនួន១៥២នាក់ ដែលជាអង្គភាពសម្ព័នមេត្រីភាពជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ ។
ការចុះសាកសួរសុខទុក្ខនេះ ដើម្បីជាការលើកទឹកចិត្តដល់គ្រួសារកងទ័ព ក៍ដូចជាកងទ័ពដ៏អង់អាចក្លាហាន របស់យើង ដែលបាននិងកំពុងឈរជើង ការពារព្រំដែននៅសមរភូមិមុខ និងដើម្បីរួមចំណែកក្នុងស្មារតី ស្នេហាជាតិតាមពាក្យស្លោកពោលថា «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។
ជាមួយគ្នានោះ រដ្ឋបាលខណ្ឌឫស្សីកែវ សូមអំពាវនាវដល់ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងអស់លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់ សូមមេត្តាចូលរួមជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឫជាថវិកាក្ដីតាមលទ្ធភាពជាក់ស្ដែង ដល់រដ្ឋបាលខណ្ឌឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ ឲ្យបានមុនថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ ឫទំនាក់ទំនងតាមទូរស័ព្ទលេខ០១២ ៥៣៩ ០៣៩ /០៧៧ ៩០៨ ៩០៩ /និង០៧៧ ៥៧១ ០១០។
រដ្ឋបាលខណ្ឌឫស្សីកែវ សង្ឃឹមជឿជាក់ថា លោក លោកស្រី ជាពាណិជ្ជករ សិប្បករ អាជីវករ វិនិយោគិន និងសប្បុរសជន ព្រមទាំងអស់លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់ ពិតជាចូលរួមចំណែកតាមការអំពាវនាវ ខាងលើជាក់ជាមិនខាន៕