(រតនគិរី)៖ កម្លាំងអាវុធហត្ថខេត្តរតនគិរី បានស្ទាក់ចាប់រថយន្តដឹកឈើប្រណិត១គ្រឿង ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ២ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។
ការបង្ក្រាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីរថយន្តខាងលើ លួចដឹកឈើប្រណិត ចេញពីភូមិសាស្ត្រខេត្តស្ទឹងត្រែង។
បន្ទាប់ពីស្ទាក់ចាប់រួចមក កម្លាំងអាវុធហត្ថបានពិនិត្យឃើញ ឈើប្រណិតប្រភេទធ្នង់១០៩ដុំ នាំមករក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្ត រីឯអ្នកបើករថយន្តលួចដឹកឈើប្រណិតនោះ បានបើកទ្វាររត់គេចខ្លួនបាត់។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ មន្ត្រីអាវុធហត្ថខេត្តរតនគិរី បានប្រគល់វត្ថុតាង រថយន្ត Lexus RX300 ១គ្រឿង និងឈើប្រណិតឲ្យផ្នែករដ្ឋបាលព្រៃឈើលំផាត់ យកទៅចាត់ការបន្តតាមច្បាប់ស្តីពីព្រៃឈើ៕