(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅរបស់គ្រូបង្រៀន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ភេទ ឲ្យកាន់តែប្រសើរជាងមុននោះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយកចិត្តដាក់យ៉ាងខ្លាំង សម្រាប់ការដំឡើងប្រាក់បៀវត្សរ៍ជូនពួកគាត់ ចំនួន២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា តាមអត្រា១២% នៃមូលដ្ឋានប្រាក់បៀវត្សរ៍ និងលើកទី២ តម្លើងនៅខែមេសា មុនចូលឆ្នាំខ្មែរដែលជាការដំឡើងប្រាក់ បំណាច់មុខងារ។
ការដំឡើងប្រាក់ខែជាបន្តបន្ទាប់នេះ នឹងធ្វើឲ្យមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ទទួលបានប្រាក់បៀវត្សទាបបំផុតជិត១លានរៀល ហើយយ៉ាងយូរ នៅឆ្នាំ២០១៨ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធកម្រិតទាបបំផុត ១លានរៀល ជាក់ជាមិនខាន។ គ្រូបង្រៀន មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ សុទ្ធតែបង្ហាញនូវក្តីសប្បាយរីករាយ ចំពោះការដំឡើងប្រាក់ខែជូនពួកគាត់ ហើយថា ការដំឡើងនេះជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះជីវភាព និងការរស់នៅរបស់ពួកគាត់ផងដែរ។
លោក អោម នឿន គ្រូបង្រៀននៅសាលាបឋមសិក្សាត្នោតជុំ ស្ថិតនៅភូមិត្នោតជុំ ឃុំសំបួរ ស្រុកទាំង ខេត្តតាកែវ ដែលបច្ចុប្បន្នទទួលបានប្រាក់ខែ ជាង៩០ម៉ឺនរៀលហើយ នោះបានសម្តែងនូវក្តីសប្បាយរីករាយ ចំពោះការទទួលបានការដំឡើង ប្រាក់ខែមួយឆ្នាំ២ដងនេះ។ លោកថា លោកក៏ដូចជាលោកគ្រូ អ្នកគ្រូ នៅក្នុងសាលាទាំងអស់ សុទ្ធតែបង្ហាញនូវក្តីរីករាយ ចំពោះការដំឡើងប្រាក់ខែនេះ ដែលជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះគ្រូបង្រៀន។
លោក អោម នឿន បានបញ្ជាក់ទៀតថា ដោយបច្ចុប្បន្ន គ្រូកម្រិតបឋមដូចរូបលោក ទទួលបានប្រាក់ខែ៩២ម៉ឺនរៀល ដល់ខែមេសា ខាងមុខនេះត្រូវបានដំឡើងដល់១០ម៉ឺនរៀលទៀត និងប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល សម្រាប់ឱកាសចូលឆ្នាំទៀតនោះ ប្រាក់ខែរបស់លោកគ្រូ នឹងឡើងដល់ជាង១លានរៀលហើយ។ លោកបន្ថែមថា «ខ្ញុំ និងគ្រូដទៃទៀត សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំលើកកម្ពស់ ជីវភាពរបស់គ្រូបង្រៀន ដោយធ្វើការដំឡើងប្រាក់ខែ ជារៀងរាល់ឆ្នាំ នេះសបញ្ជាក់រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់គ្រូជានិច្ច»។
សម្រាប់លោកគ្រូ មាន សារិន ដែលបង្រៀនមុខវិជ្ជារូបវិទ្យា នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្លារម ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ បានបង្ហាញនូវក្តី រំភើបរីករាយ ចំពោះការដំឡើងប្រាក់បៀវត្សរ៍ដល់គ្រូបង្រៀន និងមន្ត្រីរាជការនេះ។ មិនខុសពីគ្រូបង្រៀនដ៏ទៀត លោកគ្រូ មាន សារិន សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការយកចិត្តទុកដាក់ចំពោះ ជីវភាពរបស់មន្ត្រីរាជការទាំងអស់។
លោកគ្រូ មាន សារិន បានបញ្ជាក់ថា «ខ្ញុំពិតជារីករាយមែនទែន ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់គ្រូបង្រៀនដូចជាពួកខ្ញុំនេះ ដែលបច្ចុប្បន្នប្រាក់ខែ របស់ខ្ញុំបានកើនឡើងដល់ជាង១លានរៀលហើយ។ លើសពីនេះ ខ្ញុំសង្ឃឹមនឹងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងបន្តដំឡើងប្រាក់ខែបន្ថែមទៀត ជារៀងរាល់ឆ្នាំជូនមន្ត្រីរាជការ ទាំងអស់»។
ដោយឡែកសម្រាប់ លោកវរសេនីយ៍ទោ ថី វិសាល មន្ត្រីនគរបាល នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានសម្តែងនូវក្តីត្រេកអរ ចំពោះការដំឡើងប្រាក់បៀវត្សរ៍នេះ ដែលលោកចាត់ទុកថា ការដំឡើងប្រាក់បៀវត្សរ៍២ដងក្នុងមួយឆ្នាំនេះ គឺជាការជាលើកទឹកចិត្តដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងក៏ជាកាដូមួយ ដល់មន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីផងដែរ។
លោកវីរសេនីយ៍ទោ ថី វិសាល បានលើកឡើងថា «ការដំឡើងប្រាក់ខែនេះ ជាលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ដែលសបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ចំពោះជីវភាពរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ។ ការដំឡើងប្រាក់ខែមុនចូលឆ្នាំខ្មែរនេះ គឺជាកាដូមួយសម្រាប់ខ្ញុំ និងក្រុមគ្រួសារ ក្នុងឱកាសជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការយកចិត្តទុកដាក់ដល់មន្ត្រី និងកម្លាំងប្រដាប់អាវុធ និងសូមឲ្យរាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុនេះ នៅឆ្នាំក្រោយទៀត»។
ចំពោះលោក ថង សាម៉ុន អនុប្រធាននាយកដ្ឋាន ព័ត៌មានទីផ្សារការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ បានលើកឡើងដូចគ្នានឹងគ្រូបង្រៀន និងមន្ត្រីកម្លាំងប្រដាប់អាវុធខាងលើផងដែរ។ លោកយល់ឃើញថា ជាការល្អណាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានយកចិត្តទុកដាក់ពី សុខទុក្ខផ្នែកជីវភាពចំពោះមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ដោយបានដាក់ចេញនូវគោលការណ៍ ដំឡើងប្រាក់ខែ២ ដងក្នុងមួយឆ្នាំ ដែលធ្វើឲ្យមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ មានឆន្ទះមោះមុតក្នុងការបំពេញការងារ និងជំរុញជីវភាពឲ្យកាន់តែប្រសើរជាងមុន។
លោកបន្ថែមថា កន្លងមកគណបក្សប្រឆាំងតែងតែ លើកយកបញ្ហាប្រាក់ខែ១លានរៀលនេះ ដើរឃោសនា ប៉ុន្តែពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់ខែជូនមន្ត្រីរាជការ មិនក្រោម១លានរៀលទេ គឺរាជរដ្ឋាភិបាលអាចធ្វើបានពិត មិនដូចបក្សប្រឆាំងដើរតែថានោះទេ ។ លោកថា នៅឆ្នាំ២០១៨ ខាងមុខនេះ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ យ៉ាងតិចមានប្រាក់ខែ១លានរៀលហើយ។
លោក យក់ ប៊ុនណា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានថ្លែងប្រាប់អង្គភាព Fresh News ថា ដើម្បីចូលរួម លើកកម្ពស់ ជីវភាពរបស់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការដំឡើងប្រាក់បៀវត្ស ជូនពួកគាត់ ដោយមួយឆ្នាំ ត្រូវដំឡើងពីរដង ដោយម្ដងនៅខែមករាដើមឆ្នាំ និងម្ដងទៀតនៅមុនបុណ្យចូលឆ្នាំខ្មែរ។
អ្នកនាំពាក្យរូបនេះ បានថ្លែងបញ្ជាក់ទៀតថា នៅដើមឆ្នាំ២០១៧ ការដំឡើងប្រាក់បៀវត្ស គឺជាការដំឡើងប្រាក់បៀវត្សមូលដ្ឋាន ដែលមានអត្រា ១២ភាគរយជារៀងរាល់ឆ្នាំ។ ចំណែកឯការដំឡើងប្រាក់បៀវត្ស នៅមុនចូលឆ្នាំខ្មែរ គឺជាការដំឡើងប្រាក់បំណាច់មុខងាររបស់មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ។
លោកបញ្ជាក់ទៀតថា សម្រាប់ការដំឡើងប្រាក់បំណាច់មុខងារ ឆ្នាំ២០១៧នេះ មន្ត្រីរាជការស៉ីវិល ដែលមានប្រាក់បំណាច់មុខងារទាបបំផុត នឹងត្រូវផ្តល់ជូន១០ម៉ឺនរៀលក្នុងមួយខែ ហើយមន្ត្រីរាជការដែលមាន ប្រាក់បំណាច់មុខងារខ្ពស់បំផុតនឹងត្រូវផ្តល់ជូន៤ ម៉ឺនរៀលក្នុងមួយខែ។ មន្ត្រីរាជការស៉ីវិលផ្សេងទៀត អាចទទួលបានការដំឡើងប្រាក់បំណាច់មុខងារចំនួន៩ម៉ឺនរៀល ៨ម៉ឺនរៀល ឬ ៥ម៉ឺនរៀល ផ្អែកលើប្រភេទមុខតំណែងនីមួយៗ។
សូមជម្រាបថា ក្រៅពីការដំឡើងប្រាក់បៀវត្សពីរដងក្នុង១ឆ្នាំហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងផ្ដល់នូវប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំខែ្មរផងដែរ ដោយសម្ដេចតេជោបាន អះអាងកាលពីពេលថ្មីៗនេះថា នៅបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ សម្ដេចនឹងឧបត្ថម្ភ ថវិការជូនមន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធទូទាំងប្រទេស ក្នុងម្នាក់៥ម៉ឺនរៀល ដែលសរុបទាំងអស់ត្រូវចំណាយថវិកាប្រមាណ ៧លានដុល្លាអាមេរិក៕