(ភ្នំពេញ)៖ កញ្ញា ស៊ីស៊ី ដែលទើបគ្រោងតំណែងតួឯកស្រី ក្នុងរឿង «ស្នូរជើងអ្នកណា» របស់ផលិតកម្ម Wouder Film Cambodia បានប្រាប់អ្នកសារព័ត៌មានថា កញ្ញាចូលចិត្ត ស្លៀកពាក់ បែបស៊ីវីល័យ ដែលបង្ហាញភាពសិចស៊ីរបស់ខ្លួន គួរឱ្យទាក់ភ្នែក ប៉ុន្តែមិនស៉ិចស៊ីខ្លាំងហួសហេតុពេកនោះទេ។
បើមើលតាមរយៈការបង្ហាញរូបភាពចេញមកខាងក្រៅ និងរូបថតសិចស៊ីជាច្រើនសន្លឹក ដែលនាងបានបង្ហោះ ក្នុងគណនីយហ្វេសប៊ុក បានធ្វើឱ្យគេគិតថាតារាសម្ដែងខ្ពស់ ស្រឡះសាច់សស្រឡូនម្នាក់នេះច្បាស់ ជាមានចិត្ដស្លុយទៅលើការសម្ដែង ឈុតឆាកសិចស៊ីជាមិនខាន។
ស៊ីស៊ី ទើបតែប្រឡូកចូលក្នុងការសម្ដែង បានប្រមាណ២ទៅ៣រឿងប៉ុណ្ណោះ ប៉ុន្ដែដោយសារ ទេពកោសល្យការសម្ដែងយ៉ាងលេចធ្លោ របស់នាងបានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍មកលើរូប នាងពិសេសគ្រាដែលនាងស្លៀកពាក់បែបកូនអ្នកមានទ្រព្យសម្បតិ្ដ លេងចរឹកឫកពារឡូយឆាយនៅក្នុងសាច់រឿង។ ជាមួយគ្នាតារាសម្ដែងរូបនេះបានបង្ហាញពីមហិច្ឆតាខ្លួនថានាងនឹងលះបង់ទៅលើការសម្ដែងមិនថាជាតួអង្គតូច ធំ ស្លូត កាច មនោសញ្ចេតនា ឬតួអង្គសិចស៊ីនោះទេ នាងនឹងធ្វើឱ្យបានដើម្បីទទួលបាននូវភាពល្បីល្បាញ។
កញ្ញាស៊ីស៊ី បានបញ្ជាក់ថា នាងពិតជាហ៊ានសម្ដែងក្នុងឈុតឆាកសិចស៊ី មែនប្រសិនបើអ្នកដឹកនាំរឿងយល់ថា វាគ្មានភាពខុសឆ្គង ឬបង្កជាបញ្ហាប៉ះពាល់ ដល់អារម្មណ៍មហាជន គ្រាដែលនាងខ្លួនឯងក៏បានតាំងចិត្ដថាអាច ធ្វើបានដើម្បីទាញយកការគាំទ្រពី មហាជនទៅលើការសម្ដែងរបស់ខ្លួន ។
តារាសម្ដែងរូបនេះប្រាប់ថា សម្រាប់ទស្សនផ្ទាល់ខ្លួន គឺនាងមានស្ទីលសិចស៊ីរបស់ខ្លួនដែល មើលទៅគួរឱ្យច់ងគយគន់និងទាក់ភ្នែក ជាជាងមើលទៅសិចស៊ីបែបជ្រុលហួសហេតុ។
ស៊ីស៊ីបញ្ជាក់ថា «ខ្ញុំមានរបៀបសិចស៊ីរបស់ខ្ញុំមើលទៅមិនអាក្រក់ពេក ឬធ្វើឱ្យខុសប្រពៃណីទេ ពោលភាពសិចស៊ីមិនចាំបាច់ ទាល់តែបញ្ចេញដើមទ្រូងខ្លាំង ឬបញ្ចេញគល់ភ្លៅខ្លាំងទើបហៅថាសិចស៊ីទេ ខ្ញុំមានវិធីសាស្រ្ដធ្វើយ៉ាងណាឱ្យគេមើលឃើញថា សិចស៊ី ប៉ុន្ដែគួរឱ្យចង់គយគន់»។
នាងបន្ដថា ជាក់ស្ដែងដូចជារូបភាពសិចស៊ីមួយចំនួន ដែលនាងបានបង្ហោះនៅក្នុងបណ្ដាញ សង្គមគឺសិចស៊ី ប៉ុន្ដែត្រូវបានអ្នកគាំទ្រនិងហ្វេនជាច្រើន របស់នាងលើកឡើងថា រូបភាពទាំងនោះសិចស៊ីគួរឱ្យស្រលាញ់។
គួរបញ្ជាក់ថាកញ្ញា ស៊ីស៊ី ធ្លាប់បានសម្ដែងនៅក្នុងរឿង «វាសនាកូនភ្លោះ» «ចំការលាក់ស្នេហ៍»។ បច្ចុប្បន្ននាងកំពុងថតរឿង «រាជបុរី Come back »និង «ស្នូរជើងអ្នកណា?»។
បើកត់សំគាល់តាមរយៈការបញ្ជាក់របស់ ស៊ីស៊ី គឺហាក់មិនខុសគ្នាពីតារាសម្ដែងស្រីមួយចំនួន ដែលធ្លាប់បានប្រើវិធីសាស្រ្ដនេះដើម្បីភាពល្បីល្បាញខ្លួននោះទេ ពោលគឺពួកគេតែងតែយកភាពសិចស៊ីរបស់ ខ្លួនមកទាក់ភ្នែកមហាជនពិសេសអ្នកដឹកនាំរឿងជាច្រើន ដើម្បីទទួលបានឱកាសការងារក្នុង ការសម្ដែងឬការងារផ្សេងៗស្ថិតក្នុងក្របខណ្ឌសិល្បៈ ។
វិធីសាស្រ្ដនេះទោះបីជាមានតារាភាគច្រើនត្រូវទទួលរង នូវការរិះគន់យ៉ាងចាស់ដៃពីមហាជនក៏ពិតមែនតែយ៉ាង ហោចណាស់ពួកគេទាំងនោះត្រូវបានមហាជនស្គាល់ មុខយ៉ាងច្បាស់រួចទៅហើយ តួយ៉ាងដូចជា កញ្ញា វណ្ណ វល័ក្ខ បេននី យុំាងជាដើម៕