(ក្រចេះ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តក្រចេះ នាវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ។
យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថា លោក កែវ សុជាតិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ត្រូវបានតែងតាំងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ។
កាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្ទេរមុខដំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ចំនួន៣១រូប៕