(ព្រះសីហនុ)៖ ក្រោយកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនៃ ក្រុមការងារអចិន្រ្តៃយ៍ដើម្បីដោះស្រាយជំរុញ និងតាមដានការអភិវឌ្ឍលើ កោះរ៉ុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នារសៀលថ្ងៃដដែល លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តដឹកនាំកិច្ចប្រជុំជាមួយ វិស័យឯកជន ប្រមាណ២០០ មូលដ្ឋានអាជីវកម្ម នៅខេត្តព្រះសីហនុ ស្តីពីការងារទេសចរណ៍ ប្រចាំត្រីមាសទីមួយឆ្នាំ២០១៧ និងដើម្បីត្រៀមខ្លួនសម្រាប់ទទួលទេសចរណ៍ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
១៖ ដើម្បីពង្រឹងនិងធានាបាននូវគុណភាពសេវាកម្មទេសចរណ៍ លោករដ្ឋមន្រ្តីបានចង្អុលបង្ហាញដល់រដ្ឋបាលខេត្ត ពិសេសមន្ទីរទេសចរណ៍ បន្តជម្រុញការចេញអាជ្ញាបណ្ណទេសចរណ៍ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បដិសណ្ឋារកិច្ច ការគ្រប់គ្រងអនាម័យ ភាពស្អាត និងបៃតងនៅតាមមូលដ្ឋានអាជីវកម្មរបស់ខ្លួន។
២៖ បន្តពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្តិភាពនៅគ្រប់គោលដៅសំខាន់ៗ និងជម្រុញឲ្យមានការបង្កើតបណ្តាញសន្តិសុខស្ម័គ្រចិត្ត នៅមូលដ្ឋានតាមរយះការចូលរួមពីប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរណ៍ និងអាជីវករ។
៣៖ គ្រប់មូលដ្ឋានអាជីវកម្មទាំងអស់ត្រូវដាក់បង្ហាញតម្លៃ នៃផលិតផល និងសេវាកម្មរបស់ខ្លួន។ ស្របជាមួយគ្នានេះមន្ទីរទេសចរណ៍នឹង ចុះអប់រំណែនាំបន្ថែម និងមានវិធានការពិន័យតឹងរឹងក្នុងករណីពុំគោរពតាម។
៤៖ មន្ទីរទេសចរណ៍ត្រូវរៀបចំបង្កើតផលិតផលទេសចរណ៍ថ្មីៗ រៀបចំតភ្ជាប់និងផ្សព្វផ្សាយពីកញ្ចប់ទស្សនកិច្ចដល់បណ្តាភ្នាក់ងារក្រុមហ៊ុន ទេសចរណ៍ក្នុងនិងក្រៅស្រុក។
ជាចុងក្រោយលោករដ្ឋមន្រ្តី បានស្នើឲ្យមានកិច្ចសហប្រតិបត្តិឲ្យបានជិតស្និតបន្ថែមទៀត រវាងអង្គភាពជំនាញទាំងអស់ ពិសេសជាមួយនឹង ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋដើម្បីផ្តល់ភាពកក់ក្តៅបទពិសោធន៍ និងអនុស្សាវរីយ៏ដល់ភ្ញៀវទេសចរដែលមកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ និង សូមចូលរួមទាំងអស់គ្នាដើម្បីធ្វើការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរខ្សច់ និងទីក្រុងទេសចរណ៍របស់យើង ឲ្យបានស្អាតល្អដើម្បីទទួលបានជោគជ័យ ក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាននាដើមឆ្នាំ២០១៨ ខាងមុខនេះ។
សូមបញ្ជាក់ថា នៅត្រីមាសទីមួយ ឆ្នាំ២០១៧នេះ ចំនួនទេសចរដែលមកកំសាន្តនៅខេត្តព្រះសីហនុចំនួន៦៧៧៧០៧នាក់ ក្នុងអាត្រា១១,៦៤% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៦ ក្នុងនោះទេសចរអន្តរជាតិមានចំនួនជាង១៣ម៉ឺននាក់ក្នងកំនើនជាង៧%។ ទេសចរជនជាតិចិនស្ថិតនៅលំដាប់ទី១ ដែលបាននិងកំពុងមកកម្សាន្តនៅខេត្តព្រះសីហនុ។ ខណះជើងហោះហើរមានការកើនឡើង ១៦២% ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦ ពិសេសជើងហោះហើរត្រង់មកពីចិន។ រីឯទេសចរដែលធ្វើដំណើតាមនាវា ទេសចរណ៍សមុទ្រក៏កាន់តែមានចំនួនច្រើនផងដែរ៕