(ប៊ែកឡាំង)៖ គណៈប្រតិកម្ពុជា ដឹកនាំដោយ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានពាំនាំព័ត៌មានទាក់ទងនឹងសក្ដានុពល លើវិស័យទេសចរណ៍ និងឱកាសវិនិយោគជាច្រើននៅកម្ពុជា ជម្រាបជូនអង្គការទេសចរណ៍ពិភពលោក (UNWTO) អ្នកជំនាញទេសចរណ៍ អ្នកសារព័ត៌មានអន្តរជាតិ និងប្រតិបត្តិការទេសចរណ៍ប្រមាណ ១១,៣០០ក្រុមហ៊ុន និងអ្នកចូលរួមចំនួន ១២ម៉ឺននាក់ទៀតផងដែរ។
ការជម្រាបជូនព័ត៌មានទាំងនោះ ត្រូវបានធ្វើឡើងក្នុងពិព័រណ៍ទេសចរណ៍ពិភពលោក ឆ្នាំ២០១៧ (International Tourismus Borse= ITB 2017) និងកិច្ចប្រជុំអង្គការទេសចរណ៍ពិភពលោក ស្ដីពីគោលនយោបាយ លើផលប៉ះពាល់ដល់និរន្តរភាព នៃវិស័យទេសចរណ៍ ព្រមជាមួយយុទ្ធនាការផ្សព្វផ្សាយ «ឆ្នាំទស្សនាអាស៊ានខួបលើកទី៥០» និងពិធីប្រកាសពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា នៅរដ្ឋធានីប៊ែកឡាំង សាធារណរដ្ឋអាល្លឺម៉ង់ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧។
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា «ពិព័រណ៍ទេសចរណ៍ដ៏ធំបំផុតនេះ ជាវេទិកាជួបជុំប្រមុខដឹកនាំទេសចរណ៍ អង្គការទេសចរណ៍ពិភពលោក អ្នកជំនាញទេសចរណ៍ អ្នកសារព័ត៌មានអន្តរជាតិ និងប្រតិបត្តិការទេសចរណ៍ សរុប ១១,៣០០ក្រុមហ៊ុន មកពី១៨៩ប្រទេស និងមានអ្នកទិញ ១,០០០ក្រុមហ៊ុន ព្រមជាមួយអ្នកចូលរួមទស្សនា ប្រមាណ ១២ម៉ឺននាក់ ដែលជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោក ពិសេសទៅកាន់ទីផ្សារអឺរ៉ុប ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត»។
អគ្គលេខាធិការនៃ UNWTO លោក Taleb Rifia ក្នុងពិធីបើកពិព័រណ៍ ITB Berlin បានលើកឡើងថា វិស័យទេសចរណ៍ បានបើកបេះដូង និងផ្នត់គំនិត ដោយបានផ្លាស់ប្តូរពិភពលោក ឲ្យមានការយោគយល់គ្នា វឌ្ឍនភាព និងសន្តិភាព ជាវិស័យឈានមុខមួយ ក្នុងផែនការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព នៅឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
លោកអគ្គលេខាធិការ បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍ប្រទេសវិថីសូត្រ លើកទី៧ថា កំណើននៃការធ្វើដំណើរទេសចរណ៍ បានជះឥទ្ធិពលជាអវិជ្ជមាន ខ្លះមកលើវប្បធម៌ ធម្មជាតិ និងការអភិវឌ្ឍន ប្រកបដោយនិរន្តរភាព និងតម្រូវឲ្យដាក់ចេញគោលនយោបាយ លើផលប៉ះពាល់ទាំងនោះ។
លោករដ្ឋលេខាធិការ សូ ម៉ារ៉ា បានធ្វើបទអន្តរាគមន៍ និងចែករំលែកបទពិសោធន៍ល្អៗទាក់ទង នឹងការខិតខំប្រឹងប្រែង និងការលើកទឹកចិត្ត របស់ក្រសួងទេសចរណ៍កម្ពុជា ដល់វិស័យឯកជន ឲ្យគិតគូដល់ភាពស្អាត និងបៃតង ព្រមទាំងជូនជ័យលាភីដល់ប្រតិបត្តិការទេសចរណ៍ ដែលមានស្នាដៃល្អ ក្នុងការលើកស្ទួយដល់បរិស្ថាន និងចូលរួមក្នុងសង្គម ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ លោកបណ្ឌិត ថោង ខុន។
នាឱកាសពិព័រណ៍ ITB Berilin 2017 រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានរួមគ្នាធ្វើការប្រកាសអំពីយុទ្ធនាការផ្សព្វផ្សាយ «ឆ្នាំទស្សនាអាស៊ានខួបទី៥០» ក្រោមពាក្យស្លោក «Visit ASEAN@50» និងសហការគ្នារៀបចំការសម្តែងសិល្បៈរួមគ្នា នៅក្នុងពន្លាប្រទេសនីមួយៗ ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងវប្បធម៌សម្បូរបែប ក្នុងតំបន់អាស៊ាន និងការតភ្ជាប់អាស៊ានជាគោលដៅទេសចរណ៍តែមួយ។
ដើម្បីចូលរួមក្នុងព្រឹត្តិការខាងលើ កម្ពុជាក៏បានធ្វើការប្រកាស អំពីពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា ដែលនឹងគ្រោងធ្វើឡើងនៅទីក្រុងសៀមរាប-អង្គរ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ។
តំណាងក្រសួងទេសចរណ៍ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ បានរៀបចំកម្មវិធីផ្សព្វផ្សាយ អំពីការតភ្ជាប់ខ្សែកញ្ចប់ទស្សនកិច្ច និងផលិតផលទេសចរណ៍ ក៏ដូចជាព្រឹត្តិការទេសចរណ៍របស់ខ្លួន ជូនដល់អ្នកទិញ អ្នកសារព័ត៌មាន និងប្រតិបត្តិករទេសចរណ៍អាល្លឺម៉ង់ ក្រោមប្រធានបទ CLMVT Connectivity ដោយផ្តោតលើការតភ្ជាប់តាមគ្រប់រូបភាពទេសចរណ៍ មានតាមនាវា កីឡា សុខភាព អាពាហ៍ពិពាហ៍ និងទំនាក់ទំនងអាស៊ាន ASEAN Connect។
ឆ្លៀតឱកាសនោះដែរ ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ក៏បានរៀបចំសន្និសីទផ្សព្វផ្សាយ អំពីគោលដៅទេសចរណ៍ មហាអនុតំបន់ទន្លេមេគង្គ (GMS) ក្រោមប្រធានបទ វឌ្ឍនភាពទេសចរណ៍ផ្សាភ្ជាប់នឹងមនុស្ស (Proser with People) សំដៅជំរុញការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ សំដៅទាក់ទាញដល់ការវិនិយោគ និងបង្កើនប្រាក់ចំណូល ក្នុងវិស័យទេសចរណ៍ ក្នុងមហាអនុតំបន់ទន្លេមេគង្គ។ ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ ក៏បានធ្វើការប្រកាសផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រ ១០ឆ្នាំ របស់ទេសចរណ៍មហាអនុតំបន់ទន្លេមេគង្គ ផងដែរ។
គណៈប្រតិភូកម្ពុជា បានបញ្ចប់បេសកកម្មដោយជោគជ័យ លើវេទិកាអន្តរជាតិវិស័យទេសចរណ៍ដ៏ធំ ក្នុងពិភពលោក ជាមួយគ្នានោះ បានពាំនាំមកមាតុភូមិវិញ នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាប្រមុខ៕