(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផល អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ពិធីនេះក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ឯក អភិបាលរងរាជធានី-ខេត្តទាំង២៥ ស្នងការនគរបាលរាជធានី-ខេត្តទាំង២៥ និងនាយកដ្ឋាន អង្គភាពពាក់ព័ន្ធផងដែរ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការបានឲ្យដឹងថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ បង្ក្រាបបាន ៩២១/១១៤៤ករណី ថយ២២៣ករណី ស្មើនឹង១៩,៤៩% (ធៀបនឹងខែមករា ឆ្នាំ២០១៧) ឃាត់ខ្លួន២០៥៣/២៧៧៣នាក់ ស្រី២១៥/២៦៧នាក់ ចាប់យកសារធាតុញៀន សរុប៧២៥១,២៨ក្រាម និងកញ្ឆា៩៧.៤៧៨ដើម រថយន្ត១៥គ្រឿង ម៉ូតូ២០៨គ្រឿង ទូរស័ព្ទដៃ៦៣៩គ្រឿង។ ក្នុងនោះជួញដូរ ៥៨២/៧៥៥ករណី ឃាត់ខ្លួន១០២៧/១៣៣០នាក់ (ស្រី១៣០/១៧២នាក់)។ ប្រើប្រាស់៣៣៨/៣៨៧ករណី ឃាត់ខ្លួន១០២៦/១៤៤០នាក់ (ស្រី ៨៥/៩៤នាក់) ដាំដុះ ១/១ករណី។ ដោយឡែកបង្ក្រាបតាមដីកា១៩ករណី ឃាត់ខ្លួន១៩នាក់។
ចំណែកគណៈកម្មាការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបោសសម្អាតគ្រឿងញៀន នៅតំបន់ត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រកឃើញបន្ទប់ជួលដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀនចំនួន១០១បន្ទប់ ក្នុងនោះចាត់វិធានការរុះរើទាំងស្រុងបាន៩៥បន្ទប់ និង៦បន្ទប់ទៀតកំពុងបន្តរុះរើបន្ថែម។
នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា ការប្រជុំនេះ ផ្តោតសំខាន់អំពីរបាយការណ៍បូកសរុបបញ្ជាការយុទ្ធនាការប្រចាំខែកុម្ភៈ និងលើកទិសដៅសម្រាប់ខែមីនា ហើយសូមឲ្យតាមបណ្តាខេត្តធ្វើសកម្មភាពជាក់ស្តែង ដើម្បីធ្វើយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ នៅខេត្តរៀងៗខ្លួន។
នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់នៅបញ្ហាមួយចំនួន គឺលទ្ធផលបូកសរុបប្រចាំខែកុម្ភៈ គឺសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទាំងអស់ បានរួបរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នេះជាលទ្ធផល ធំណាស់ដែលយើងត្រូវធ្វើត្រូវបន្តទៀត។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា «គ្រប់រាជធានី-ខេត្តទាំងអស់ គឺត្រូវបញ្ចប់ទាំងស្រុងនៅលិខិតស្នាមរដ្ឋបាល ដែលប្រើពាក្យយន្តការ នៅខេត្តខ្លះ នៅប្រើអាវុធហត្ថ ខេត្តខ្លះនៅប្រើនគរបាល កន្លងមកតាមគោលការណ៍ សេចក្តីសម្រេច គឺបានប្រគល់ជូនអភិបាលរងខេត្តម្នាក់ ជាប្រធានលេខាធិការដ្ឋាន សូមរៀបចំតាមការដឹកនាំ។ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែននៅលើអង្គភាពនគរបាល មិនមែននៅលើអង្គភាពអាវុធហត្ថម្នាក់ទេ គឺធ្វើម៉េចឲ្យក្លាយទៅជាចលនារួមមួយនៅក្នុងខេត្ត និងត្រូវមានយន្តការច្បាស់លាស់»។
ជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិ សូមឲ្យគណៈកម្មការទាំង៦ ជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់តាមបណ្តារាជធានី-ខេត្ត សូមឲ្យបញ្ចប់ផែនការសកម្មភាព។
នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ថា «ទាំងនគរបាល ទាំងសមត្ថកិច្ចដទៃ នគរបាលយុត្តិធម៌ សូមជម្រុញបង្កើនប្រសិទ្ធភាពការបង្ក្រាបផ្លូវច្បាប់ យើងត្រូវដាច់ខាតកុំឲ្យមានការផលិត កុំឲ្យមានការដាំដុះនៅក្នុងទឹកដីកម្ពុជាយើង យើងត្រូវខិតខំតស៊ូជាមួយមេក្លោងរកស៊ីជួញដូរ ឆ្លងកាត់ ករណីធំដុំ នេះត្រូវធានា កម្ពុជាយើងស្មុគស្មាញ ព្រោះយើងនៅជិតតំបន់ត្រីកោណមាស ដូច្នោះហើយឆ្លងពីនោះមកចូលយើងខ្លះ ឆ្លងកាត់ខ្លះ ប្រើប្រាស់ខ្លះ។ ដោយឡែកខាងយើងខ្ញុំនេះ ជាមួយ និងអាវុធហត្ថ យើងនឹងប្រឹងប្រែងរកយុទ្ធសាស្ត្រថ្មី ខិតខំទប់ស្កាត់ ខិតខំស្រាវជ្រាវ ដើម្បីយើងតស៊ូបង្រ្កាបឲ្យបាន»៕