(ភ្នំពេញ)៖ លោក ផាម ប៊ិញ មិញ (Pham Binh Minh) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គម និយមវៀតណាម នឹងមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំចំនួន២ ជាមួយនឹងមន្រ្តីជាន់ខ្ពស់កម្ពុជា។ នេះបើតាមការអះអាងរបស់មន្រ្តីក្រសួងការបរទេស។
កម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំរួមគ្នា នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដើម្បីពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។
បើតាមការជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្រៅពីប្រជុំកម្រិតឧត្តមមន្រ្តី នាថ្ងៃទី១៣ ខែមីនានេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ រដ្ឋមន្រ្តីការបរទេសវៀតណាម នឹងដឹកនាំកិច្ចប្រជុំ គណៈកម្មកាចម្រុះកម្ពុជា-វៀតណាម លើកទី១៥ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំផងដែរ។
ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងបើកកិច្ចប្រជុំមួយជាមួយ លោក ផាម ប៊ិញ មិញ (Pham Binh Minh) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គម និយមវៀតណាម ពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅសណ្ឋាគារអ៊ីនធើខនធីណិនថល ផងដែរ៕