(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាស លម្អិតជុំវិញការកំណត់អត្រាការប្រាក់ ឥណទាន (កម្ចី) ក្នុងកម្រិតមិនឲ្យលើសពី១៨% ក្នុងឆ្នាំ ឬ១.៥ភាគរយក្នុង១ខែ។

សេចក្តីប្រកាសធនាគារជាតិបានបញ្ជាក់ថា ប្រកាសនេះធ្វើឡើងក្នុងគោលដៅការពារអតិថិជន ពីការគិតអត្រាការប្រាក់ខ្ពស់ពេក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ ឥណទានឲ្យមានប្រសិទ្ធភាព។ ការអនុវត្តន៍អត្រាការប្រាក់មិនឲ្យលើសពី១៨% ឬ ១.៥%ក្នុងមួយខែ គឺចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ជាកំហិត។

តាមការបញ្ជាក់របស់ប្រជាពលរដ្ឋ ដែលជាអ្នកខ្ចីប្រាក់បានឲ្យដឹងថា បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ បានអនុវត្តន៍អត្រាការប្រាក់ត្រឹមជាង១០% ក្នុងមួយឆ្នាំ ប៉ុន្តែមានមីក្រូហិរញ្ញវត្ថុតូចៗមួយចំនួនធំ បានកំណត់អត្រាការប្រាក់រហូត ដល់ជាង៣០ភាគរយ ក្នុងមួយឆ្នាំ ឬ៣ភាគរយក្នុង១ខែ ពិសេសនៅតាមទីជនបទ៕